មន្រ្តីប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនជនសង្ស័យភេរវករ ៦នាក់

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីពេលថ្មីនេះ ក្រុមមន្រ្តីប៉ូលីសប្រឆាំងភេរវកម្មរបស់ឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យភេរវករចំនួន ៦នាក់នៅខេត្ត Lampung នៅកោះស៊ូម៉ាត្រាខាងលិច និងនៅកោះ Riau។

ក្នុងកំឡុងពេលនៃប្រតិបត្តិការនេះ មន្រ្តីប៉ូលីសបានរឹបអូសយកបានទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ កាំភ្លើងខ្យល់ និងខ្សែរអិល។

កាលពីខែមុន ក្រុមប្រឆាំងភេរវកម្ម Densus 88 របស់ប៉ូលីសជាតិឥណ្ឌូណេស៊ី បានចាប់ខ្លួនក្រុមភេរវករដែលសង្ស័យបានចំនួន ៤នាក់ នៅក្នុងតំបន់ដាច់ដោយឡែកពីគ្នាក្នុងទីក្រុង Bekasi នៃរដ្ឋជ្វាខាងលិច។

ជនសង្ស័យមានទំនាក់ទំនងជាមួយបណ្តាញជ្រុលនិយមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា គឺក្រុម Jemaah Islamiyah ។

ក្រុមប្រឆាំងភេរវកម្ម Densus 88 បានរឹបអូសអាវុធ ព្រមទាំងអត្ថបទ និងសៀវភៅទាក់ទងនឹងក្រុមជីហាដ។

ក្រុម Jemaah Islamiyah បានស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅកោះបាលីកាលពីឆ្នាំ ២០០២ ដែលបានសម្លាប់មនុស្សជាង ២០០នាក់។ ក្រុមនេះត្រូវបានហាមឃាត់ក្នុងឆ្នាំ ២០០៨ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)