ក្រសួង​អប់រំ បន្ត​រកឃើញ​អង្គភាព​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​ថា គិត​ត្រឹម​យប់​ថ្ងៃទី​០៩ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​មាន​៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០២ ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​០៩​។ ឯកឧត្តម អ្នកនាំពាក្យ​បាន​បន្ថែមថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។

​សូមបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​ជា​បណ្តោះអាសន្ន​រយ​:​ពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តកណ្តាល និង​ទីតាំង​គោលដៅ​។ ជាមួយគ្នានេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​។

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០២០៖
​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​២៖ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​៩៖ សិស្ស​៣​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០២០៖
​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៖ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ដែលជា​អង្គរក្ស​ជនជាតិខ្មែរ​ការពារ​ផ្ទាល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​១៖ បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​៨៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​៧៖ សិស្ស​១​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០៖
​គ្រឹះស្ថានសិក្សា​ទី​៦៖ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​៥៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០៖
​គ្រឹះស្ថានសិក្សា​ទី​៤៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​៣៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​២៖ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
​គ្រឹះស្ថានសិក្សា​ទី​១៖ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះមុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។
​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា ប្រកបដោយ​សុក្រឹតភាព​៕ ដោយ​៖ គង់ សិរី​រ័ត្ន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​