រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត កង យោធពលខេមរភូមិន្ទ

AKP កំពង់ចាម ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០–

រដ្ឋបាលខេត្តកំពង់ចាម រៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០) នៅព្រឹកថ្ងៃចន្ទ៩រោចខែកត្តិក ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានសាធារណៈមុខសាលាខេត្តកំពង់ចាមក្រោមអធិបតីភាពរបស់ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ យុវជនកាយរិទ្ធ និងយុវជនរបស់សភាពសហព័ន្ធយុវជនកម្ពុជាប្រមាណជាង៩០០នាក់។

ឯកឧត្តម អ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា ថ្ងៃនេះគឺជាទិវាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យ ភាពពេញ លេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជ បូជនីយកិច្ចដ៏ឧត្តុង្គ ឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋ ដ៏ឆ្នើម ដែលបានបូជា ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំង។

ឯកឧត្តម បានបញ្ជាក់ ថា ក្រោយពីទទួលបានឯករាជ្យ ប្រទេសយើងបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងសម័យសង្គមរាស្ត្រនិយម តែអកុសលក្រោយពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ធ្វើឱ្យមាតុភូមិកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏រាំរៃជិត៣ទសវត្ស ប្រទេសជាតិជួបប្រទះតែអសន្ដិសុខ និងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានសុខសន្ដិភាពពេញលេញ និងមានឱកាសនៃការអភិវឌ្ឍប្រទេសចាប់ពីចំណុចសូន្យរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្ដែងខេត្តកំពង់ចាម បានទទួលសមិទ្ធផលប្រវត្តិសាស្រ្ដធំៗដូចជា ស្ពានឆ្លងទន្លេមេគង្គគីហ្សូណា ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។ កត្តាសន្តិភាព ស្ថេរភាពសង្គមធ្វើឱ្យអ្នកវិនិយោគទុនបានដាក់ទុនសាងសងរោងចក្រសហគ្រាសក្នុងខេត្តកំពង់ចាមស្រូបយកកម្លាំងពលកម្មជាង៣ម៉ឺននាក់ ដែលបានរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារកំណើនសេដ្ឋកិច្ចខេត្តនិងសេដ្ឋកិច្ចជាតិពិសេសបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្តព្រះសង្ឃមន្រ្ដីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តសូមសម្ដែងការដឹងគុណ និងចងចាំជានិច្ចចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងសូមដឹងគុណនូវពលីកម្មដ៏ឧត្តុងឧត្តមរបស់យុទ្ធជន យុទ្ធនារី ដើម្បីបុព្វហេតុឯករាជ្យជាតិ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាដល់វីរ:កងទ័ពកម្ពុជា ដែលបានបូជា និងពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។

ជាចុងបញ្ចប់ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញដាក់ កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធដល់ព្រះឆាយាល័ក្ខណ៍
នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រមទាំងបានព្រលែងសត្វព្រាបនិងបង្ហោះប៉ោង ប៉ោងជានិមិត្តរូបនៃសុខសន្តិភាពផងដែរ ៕ ដោយ ឆាយ ម៉ុត