លទ្ធផលធ្វើតេស្តជាលើកទី២ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺអវិជ្ជមាន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គមថា លទ្ធផលធ្វើតេស្តជាលើកទី២ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាថ្ងៃនេះ គឺអវិជ្ជមាន ដែលជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ ក្នុងចំណោម៤ដំណាក់កាល។

ជាមួយគ្នានោះ សម្តេចបានបន្តទៀតថា សម្តេចត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។

សម្តេចតេជ បានបញ្ជាក់ទៀតថា សម្តេចកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការ ដែលសម្តេចដាក់ឈ្មោះថា (ព្រឹត្តិការ៣វិច្ឆិកា)។

សម្តេចតេជោ បានបញ្ជាក់ថា ព្រឹត្តិការ(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់ នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ ដឹងថាវិជ្ជមានឬ អវិជ្ជមាន ដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀតដែលនឹងធ្វើអោយកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។

សម្តេចតេជោ បានចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្ស ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ ត្រូវអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែង ដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។

សម្តេចបានបន្តថា នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការ៣វិច្ឆិកា ឲ្យបានឆាប់តាមរយៈកុំអោយកើនចំនួនមនុស្សពាក់ព័ន្ធ ដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។

សម្តេចតេជោ សង្ឃឹមថា ព្រឹត្តិការ៣វិច្ឆិកា នឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល៕ ដោយ៖ កន ចំណាន