មន្ត្រីការទូតកម្ពុជានៅប្រទេសបារាំង ២នាក់ ផ្ទុកវីរុសកូវីដ១៩

APP ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចេញសេចក្តី​ប្រកាស​ព័ត៌មាន​ថា ​អ្នកការទូត​កម្ពុជា​ចំនួន​ពីរនាក់ ​និង​បុគ្គលិក​ក្នុងស្រុក​ចំនួន​ពីរ នាក់ទៀត ​នៃ​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង​ បាន​ធ្វើតេស្ត​សំណាក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ -១៩ ។

សេចក្តីប្រកាសព័ត៌មានខាងលើ បានបន្តទៀតថា ក្រោយ​ពួកគាត់​ទាំងបួន នាក់​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​បារាំង​រួចមក​ ពេលនេះ​ពួកគាត់​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​រៀងៗខ្លួន​ និង​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​។

ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូត​កម្ពុជា​នៅ​ទី​ក្រុងប៉ារីស​ ​កំពុង​រង់ចាំ​លទ្ធផល​របស់​បុគ្គលិក​ក្នុង​ស្រុក​ម្នាក់ទៀត​នៅ​ថ្ងៃនេះ (ថ្ងៃ​ចន្ទ​ទី ០៩ ខែវិច្ឆិកា​ឆ្នាំ ២០២០​) ។

ទោះបីជារកឃើញអ្នកឆ្លងយ៉ាងណាក្តី ស្ថានឯកអគ្គរាជទូត​កម្ពុជា​នៅ​ទី​ក្រុងប៉ារីស​ នឹង​បន្ត​ដំណើរការ​ជាប្រក្រតី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។ ស្ថានទូត​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​អាជ្ញាធរ​សុខាភិបាល​បារាំង​ ដើម្បី​តាមដាន​ការ​វិវត្ត​នៃ​ជំងឺ​របស់​អ្នកការទូត​កម្ពុជា ​និង​បុគ្គលិក​ក្នុងស្រុក​ទាំងបួន​នាក់​ខាងលើ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​៕ ដោយ៖ កន ចំណាន