អ្នកឆ្លងវីរុស កូវីដ១៩ ទូទាំងពិភពលោក កើនជាង៥០.៧ លាននាក់

APP ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៥០,៧១៥,០៨៩ករណី ហើយក្នុងនោះមនុស្សសរុប ១,២៦១,៦៥៧នាក់ស្លាប់ និងជាង ៣៥.៧លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី៨ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៦៥,០២៦ករណី និង ៥,៧៤២នាក់ស្លាប់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៥០លាននាក់នោះ គេឃើញមានសហរដ្ឋអាម៉េរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានអ្នកឆ្លងដល់ជាង ១០.២លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ ២៤៣,៧៣៧នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីជិត ១០ម៉ឺនករណី និង ៤៨០នាក់ស្លាប់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន