ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្តបាត់ដំបង ទទួលបានពូជស្រូវ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីសម្ដេចតេជោ ហ៊ុនសែន

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយ លោក ភី សុខ មន្ទីរព័ត៌មានខេត្តបាត់ដំបង

បាត់ដំបង៖ កសិករដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាង១ម៉ឺនគ្រួសារ បានទទួលអំណោយ ជាពូជស្រូវ,គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយ:សម្តេចក្រឡាហោម ស ខេង នៅទីលានវាលបែកចាន នាថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
អំណោយដែលចែកជូនដល់កសិកររងគ្រោះនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ពូជស្រូវ១០០គ.ក្រ អង្ករ២៥គ.ក មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស ឃីត១កញ្ចប់ ថវិកា៥០,០០០រៀល ។
ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា បច្ចុប្បន្ននេះទឹកជំនន់បានស្រកទៅវិញ ដែលបានបង្កលក្ខណៈងាយស្រួលដល់ខេត្តក្នុងការស្តារឡើងវិញ នូវវិស័យកសិកម្មដែលរងការខូចខាត។
ឯកឧត្តមបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បាន សហការជាមួយអាជ្ញាធរក្រុង-ស្រុក ឃុំ សង្កាត់ ចុះធ្វើការវាយតម្លៃ ហើយជាលទ្ធផល គ្រួសារដែលអាចស្តារឡើងវិញ នូវដំណាំស្រូវ មានចំនួន ១០,៥០០ គ្រួសារ ដែលស្មើនឹង ១០,៥០០ ហិកតា នៃក្រុង-ស្រុកចំនួន ០៨ លើឃុំ ៤៨ស្មើនឹង ២៣១ ភូមិ ដោយសារទីតាំងដីរបស់គាត់ស្ថិតនៅក្នុងតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព។
មិនត្រឹមតែប៉ុណ្ណោះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានត្រៀមរៀបចំផែនការកំណត់លំដាប់អាទិភាព ក្នុងការស្តារ និងជួសជុលឡើងវិញ នូវរាល់ហេដ្ឋារចនាសម្ព័ន្ធ និងធារាសាស្ត្រនានា ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងដំណាក់កាលដំបូងនេះឱ្យរួចរាល់ផងដែរ។
សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងនាមសម្តេចតេជោហ៊ុនសែន បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែនដី និងក្រុមការងាគ្រប់ជាន់ថ្នាក់ ដែលបានជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះទាំងអស់បានរួចផុតពី ទឹកជំនន់ យកទៅដាក់នៅទីទួលសុវត្ថិភាព។ ព្រមជាមួយគ្នានោះ ក៏បានផ្តល់ជាអំណោយជាស្បៀងអាហារ ជូនជនរងគ្រោះ ជាបន្តបន្ទាប់ ចាប់ពី១០០គ្រួសារឡើងទៅ តាមលទ្ធភាពជាក់ស្តែង។
ដោយឡែកនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែនក្រៅពីផ្តាំផ្ញើសួរសុខទុក្ខ សម្តេចក៏បានផ្តល់បន្ថែមនូវស្បៀងអាហារ ពិសេសស្រូវពូជជាប្រភេទស្រូវមិនប្រកាន់រដូវ សម្រាប់យកទៅដាំដុះប្រដេញទឹក បន្ទាប់ពីទឹកជំនន់បានស្រក ដើម្បីស្តារ សេដ្ឋកិច្ចគ្រួសារឡើងវិញ៕​