ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តមកដល់មាតុប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ —

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងមកដល់មាតុប្រទេសវិញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានយាងទៅពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន តាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ។

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តរបស់ព្រះអង្គទាំងទ្វេ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការ ព្រះរាជវង្សានុវង្សជាច្រើនរូបទៀត និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ។

រូបថត៖ ផែន រតនៈ និង ឡាញ់ វិសាល