សម្តេចតេជោ ចូលរួមអបអរសាទរខួបទី១៧ នៃការដាក់ “របាំព្រះរាជទ្រព្យ” ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

APP ភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួបទី១៧ នៃ “របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

សម្តេចតេជោបានលើកឡើងថា ថ្ងៃទី៧ ខែវិច្ឆិកានេះ គឺជាខួបទី១៧ឆ្នាំហើយ ដែលកម្ពុជាបានចុះបញ្ជី “របាំព្រះរាជទ្រព្យ”គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។

គួរម្លឹកផងដែរថា “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។

របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។

របាំនេះ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និង មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ៕ ដោយ៖ កន ចំណាន