មន្រ្តីប៉ូលីសនៅទីក្រុងញូវយ៉កចាប់ឃុំខ្លួនមនុស្សប្រមាណ ៦០នាក់ ក្នុងពេលតវ៉ាក្រោយការបោះឆ្នោត

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានញូវយ៉កថែមស៍បានរាយការណ៍ថា ការតវ៉ាដោយសន្តិវិធីនៅតំបន់ Manhattan បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិក បានឈានដល់ការប៉ះទង្គិចគ្នាជាមួយនឹងមន្រ្តីអនុវត្តច្បាប់ ជាមួយនឹងសកម្មភាពនៃការលួចដុត ដែលបណ្តាលឱ្យមានការចាប់ខ្លួនអ្នកតវ៉ាប្រមាណ ៦០នាក់។

យោងតាមសារព័ត៌មានញូវយ៉កថែមស៍បានឱ្យដឹងថា នៅម៉ោងប្រហែល ៨:៣០នាទី នៅថ្ងៃពុធ (ម៉ោង ១:៣០នាទីព្រឹក GMT ថ្ងៃព្រហស្បតិ៍) មន្រ្តីប៉ូលីសបានធ្វើការបញ្ឈប់សកម្មភាពរបស់ក្រុមមនុស្សជាច្រើនរយនាក់ដែលបានប្រមូលផ្តុំគ្នានៅក្បែរបណ្ណាល័យសាធារណៈញូវយ៉ក មុនពេលហែក្បួនទៅកាន់ឧទ្យានវ៉ាស៊ីនតោន។

ក្រុមអ្នកតវ៉ាត្រូវបានគេរាយការណ៍ថា បានបញ្ឈប់សកម្មភាពដើរក្បួនមួយរយៈពេលខ្លីនៅក្នុងតំបន់ក្បែៗភាគកណ្តាលនៃតំបន់ Manhattan ដោយមានស្រែកពាក្យស្លោកដែលរួមមានការអំពាវនាវឱ្យដុតបំផ្លាញស្ថានីយប៉ូលីសផងដែរ។ មន្រ្តីប៉ូលីសបានគ្រប់គ្រងដើម្បីជំរុញឱ្យក្រុមអ្នកតវ៉ានៅឱ្យឆ្ងាយពីផ្លូវ និងឱ្យពួកគេនៅតាមចិញ្ចើមផ្លូវ។

ក្រុមអ្នកតវ៉ាដែលត្រូវបានរារាំងដោយមន្រ្តីប៉ូលីស និងមានមន្រ្តីប៉ូលីសជាច្រើនបានទៅដល់កន្លែងនោះ ហើយក្រុមអ្នកតវ៉ាបានចាប់ផ្តើមលើកផ្លាកសញ្ញាប្រឆាំង និងស្រែកដាក់មន្រ្តីប៉ូលីសទាំងនោះដូចដែលបានពិពណ៌នានៅក្នុងរបាយការណ៍។ វីដេអូបានផុសឡើងនៅលើប្រព័ន្ធអ៊ិនធើណេតរបស់នារីវ័យក្មេងម្នាក់ដោយគ្មានរបាំងមុខបានស្រែក និងស្តោះទឹកមាត់ដាក់មុខមន្ត្រីប៉ូលីសម្នាក់ ដែលបន្ទាប់ពីនោះ នាងត្រូវបានគេចាប់សង្កត់ទៅលើថ្នល់។ នាយកដ្ឋានប៉ូលីសញូវយ៉ក (NYPD) បានធ្វើអត្ថាធិប្បាយអំពីវីដេអូនេះនៅលើបណ្តាញសង្គម Twitter ដោយបាននិយាយថា «សកម្មភាពបែបនេះនឹងមិនត្រូវបានអត់អោនឱ្យទេ។ អ្នកដែលបង្កហេតុប្រព្រឹត្តអំពើទាំងនេះនឹងត្រូវចាប់ខ្លួន»។

យោងតាមការរាយការណ៍របស់សារព័ត៌មានញូវយ៉កថែមស៍ដោយដកស្រង់សំដីមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់អនាមិកម្នាក់បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ៥៨នាក់ត្រូវបានចាប់ខ្លួនទាំងយប់នៅតំបន់ Manhattan ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)