ក្រុមបាតុករប៉ះទង្គិចជាមួយមន្រ្តីប៉ូលីសនៅទីក្រុង Denver ជុំវិញលទ្ធផលនៃការបោះឆ្នោត

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ខណៈដែលការរាប់សន្លឹកឆ្នោតនៅតែបន្ត បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកានៅសហរដ្ឋអាមេរិក ក្រុមបាតុករបានជន់លិចនៅតាមបណ្តាទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះមន្រ្តីប៉ូលីសបានចេញសេចក្តីរាយការណ៍រួចហើយអំពីមនុស្សដែលត្រូវបានចាប់ខ្លួន។

«ពួកក្រុមរាត្រី» ដែលជាក្រុមមានអ្នកតវ៉ាបោះឆ្នោតរាប់រយនាក់បានប៉ះទង្គិចជាមួយមន្រ្តីប៉ូលីសនៅទីក្រុង Denver កាលពីថ្ងៃពុធ បន្ទាប់ពីបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ត្រូវបានគេគិតថានឹងឈ្នះនៅក្នុងរដ្ឋ Colorado ។

ក្រុមបាតុករទាំងនោះត្រូវបានគេមើលឃើញថាបានវាយបំបែកបង្អួចជាច្រើន។ មន្រ្តីប៉ូលីសបានឆ្លើយតបដោយការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់ម្រេច និងបានចាប់ឃុំខ្លួនអ្នកតវ៉ាមួយចំនួន។

យោងតាមនាយកដ្ឋានប៉ូលីសទីក្រុង Denver បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានបាតុករចំនួនបួនត្រូវបានចាប់ខ្លួន។

ការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន និងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ នៅមិនទាន់មានលទ្ធផលនៅឡើយទេ ខណៈដែលសន្លឹកឆ្នោតនៅបន្តត្រូវបានរាប់នៅឡើយ។ សំឡេងឆ្នោតតំណាងចំនួន ២៧០ ជាតម្រូវការសម្រាប់ការឈ្នះការបោះឆ្នោតនេះ ដែលរហូតមកដល់ពេលនេះ លោក បៃដិន ទទួលបានសំឡេងឆ្នោតតំណាងចំនួន ២៦៤សំឡេង ខណៈដែលលោក ត្រាំ ទទួលបានសំឡេងឆ្នោតតំណាងចំនួន ២១៤សំឡេង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)