លោក ដូណាល់ ត្រាំ ជម្រុញ ឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតមិនទាន់មានភាពប្រាកដប្រជា

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីព្រឹកម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា យុទ្ធនាការរបស់លោក ត្រាំ នឹងប្រកាសអំពីការដាក់ពាក្យបណ្តឹងនៅក្នុងរដ្ឋ Nevada ជុំវិញការបន្លំសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា រាល់ការបោះឆ្នោតដែលបានធ្វើឡើងក្រោយថ្ងៃបោះឆ្នោតនឹងមិនត្រូវបានរាប់បញ្ចូលឡើយ។

នៅមុននេះ លោក ត្រាំ បានបញ្ជាក់ទ្វេដងចំពោះការអំពាវនាវពីមុនរបស់លោកដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត បន្ទាប់ពីការិយាល័យបោះឆ្នោតត្រូវបានបិទនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា។

បណ្តាញសង្គម Twitter បានដាក់ស្លាកនូវការបង្ហោះរបស់លោកថា «មានការបំភាន់ប្រកបដោយសក្តានុពល» ដូចដែលវាធ្លាប់បានធ្វើរួចហើយកាលពីពេលមុន។

បញ្ហានេះកើតឡើងចំពេលដែលភាពមិនប្រាកដប្រជាបន្តកើតមានចំពោះអ្នកឈ្នះក្នុងការបោះឆ្នោតនេះចាប់តាំងពីរដ្ឋសមរភូមិជាច្រើនមិនទាន់ប្រកាសលទ្ធផលរបស់ពួកគេ។ រដ្ឋទាំងនេះរួមមាន រដ្ឋ North Carolina រដ្ឋ Nevada រដ្ឋ Pennsylvania រដ្ឋ Georgia រដ្ឋ Alaska និងរដ្ឋ Arizona ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ យុទ្ធនាការរបស់លោក ត្រាំ បានរាយការណ៍ថា ខ្លួននឹងដាក់ពាក្យបណ្តឹងនៅក្នុងរដ្ឋ Nevada ជុំវិញការចោទប្រកាន់លួចបន្លំអ្នកបោះឆ្នោត។

គិតត្រឹមថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានទទួលការបោះឆ្នោតតំណាងចំនួន ២១៤ ហើយគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យរបស់លោក គឺលោក ចូ បៃដិន ទទួលបានការបោះឆ្នោតតំណាងចំនួន ២៦៤ ក្នុងចំណោមសំឡេងឆ្នោតតំណាងចំនួន ២៧០ ដែលជាតម្រូវការដើម្បីទទួលបានជ័យជម្នះ។ បេក្ខជនទាំងពីរនៅរាត្រីបន្ទាប់ពីការបោះឆ្នោតបានបង្ហាញសុទិដ្ឋិនិយមអំពីលទ្ធផលរបស់ពួកគេ។ យុទ្ធនាការរបស់លោក បៃដិន បាននិយាយថា «យើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជំនះ» ហើយលោក ត្រាំ ក៏បាននិយាយផងដែរថា «យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះការបោះឆ្នោតនេះ … » ដោយលោកបាននិយាយបន្ថែមថា ទោះជាយ៉ាងណា លទ្ធផលបច្ចុប្បន្នកំពុងចង្អុលបង្ហាញនូវ «ការក្លែងបន្លំដ៏ធំមួយចំពោះប្រជាជាតិរបស់យើង»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)