ក្រុមប្រឹក្សាប្រធានយុត្តិធម៌អាស៊ានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ៥ ខែវិច្ឆិកា កិច្ចប្រជុំលើកទី ៨ របស់ក្រុមប្រឹក្សាប្រធានយុត្តិធម៌អាស៊ាន (CACJ) បានធ្វើឡើងតាមរយៈវីដេអូអនឡាញ។

​ប្រធានតុលាការកំពូលនៃប្រជាជនវៀតណាម លោក Nguyen Hoa Binh បាននិយាយថា ចាប់តាំងពីបានក្លាយជាអង្គភាពនៃការតភ្ជាប់អាស៊ានជាផ្លូវការ CACJ បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លួនមានភាពប្រសើរឡើង បង្កើនសកម្មភាព និងជំរុញអន្តរកម្មជាមួយអង្គភាព និងអង្គការដទៃទៀតនៅខាងក្នុង និងខាងក្រៅតំបន់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ការអនុវត្តគោលការណ៍រដ្ឋគ្រប់គ្រងដោយច្បាប់ និងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធយុត្តាធិការ និងប្រព័ន្ធច្បាប់នៅក្នុងប្លុក រួមបញ្ចូលគ្នាទៅវិញទៅមកដោយផ្អែកលើស្តង់ដាររួមដែលត្រូវបានទទួលស្គាល់ជាទូទៅបានជួយកាត់បន្ថយថ្លៃដើមនៃការអនុវត្តច្បាប់ សម្រួលដល់អាជីវកម្ម ការធ្វើចំណាកស្រុក និងការស្នាក់នៅរបស់សហគ្រាស និងប្រជាជននៅអាស៊ីអាគ្នេយ៍ បង្កើនតម្លាភាព និងការព្យាកររបស់ប្រព័ន្ធយុត្តាធិការ ការពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន ការបង្កើតឱកាសសម្រាប់ការប្រកួតប្រជែង និងការទទួលបានដើមទុនសមរម្យក្នុងចំណោមប្រទេសនានា។

លោកបាននិយាយបន្ថែមថា CACJ បានក្លាយជាបណ្តាញសហប្រតិបតិ្តការដ៏សំខាន់មួយជួយដល់សមាជិកតុលាការក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ ជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងចំណងសហប្រតិបត្តិការ។ វាក៏បានជួយបំពេញសហគមន៍អាស៊ានមួយនៃការឯកភាពគ្នានៅក្នុងភាពចម្រុះផងដែរ។

លោក Binh បាននិយាយថា ការចូលរួមរបស់ CACJ ឆ្លុះបញ្ចាំងពីការយល់ដឹងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងក្នុងចំណោមប្រព័ន្ធតុលាការនៅក្នុងអាស៊ាន និងឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីក្នុងចំណោមតុលាការនៃប្រទេសជាសមាជិក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)