មន្ត្រីជាន់ខ្ពស់របស់ ASCC ពិភាក្សាអំពីសកម្មភាពសម្រាប់ការស្តារឡើងវិញក្រោយការរាតត្បាត

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ៥ ខែវិច្ឆិកា​ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន (SOCA) លើកទី ២៩ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាកិច្ចប្រជុំនិម្មិត ក្រោមការដឹកនាំដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MoLISA) ។

កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន និងប្រធានគណៈប្រតិភូ SOCA របស់ប្រទេសជាសមាជិក។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃ MoLISA លោកស្រី Ha Thi Minh Duc បាននិយាយថា ក្នុងឆ្នាំ ២០២០ គឺជាឆ្នាំដែលមានបញ្ហាប្រឈម និងឱកាសជាច្រើន។ សហគមន៍អាស៊ានជាទូទៅ និងជាពិសេសសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) ត្រូវបានសម្របខ្លួនយ៉ាងសកម្មសម្រាប់ការផ្លាស់ប្តូរ ការផ្លាស់ប្តូរទស្សនៈគ្នាជាទៀងទាត់ និងធ្វើការងារជាមួយគ្នាដើម្បីសម្រេចបាននូវអាទិភាពដែលបានកំណត់កាលពីដើមឆ្នាំក្នុងវិស័យដូចជា ពលកម្ម និងការអភិវឌ្ឍធនធានមនុស្ស សុខុមាលភាពសង្គម និងការអភិវឌ្ឍ សុខភាព គមនាគមន៍ និងព័ត៌មាន វប្បធម៌អាស៊ាន ការយល់ឃើញ និងអត្តសញ្ញាណ បរិស្ថាននិងការប្រែប្រួលអាកាសធាតុ ព្រមទាំងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តសសរស្តម្ភរបស់ ASCC ។

ដោយសង្កត់ធ្ងន់ទៅលើជំងឺរាតត្បាតកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់បណ្តាប្រទេសជាសមាជិក និងតំបន់ទាំងមូល លោកស្រីបាននិយាយថា នៅក្នុងឆ្នាំនេះ ការងារទាំងអស់នៅក្នុងវិស័យសង្គមវប្បធម៌កាន់តែមានសារៈសំខាន់។ ក្នុងនាមជាសសរស្តម្ភទទួលបន្ទុកលើវិស័យជាច្រើន ASCC បានផ្តល់នូវគំនិតផ្តួចផ្តើម និងការអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់ការបង្ការ និងការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ដូចជាការស្តារឡើងវិញក្រោយការឆ្លងរាតត្បាត។

នៅក្នុងកិច្ចប្រជុំនោះ បណ្តាប្រធានគណៈប្រតិភូ SOCA នៃប្រទេសជាសមាជិកអាស៊ាន បានផ្តោតសំខាន់ទៅលើការវាយតម្លៃការអនុវត្តអាទិភាពរបស់ ASCC ក្នុងឆ្នាំ ២០២០ ការពិនិត្យលទ្ធផលនៃកិច្ចប្រជុំក្រុមការងារលើកទី ៣ ស្តីពីការបង្ការវប្បធម៌ជាមួយវិស័យអាទិភាពជាយុទ្ធសាស្ត្រ។ ពួកគេក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាសំខាន់ៗដែលត្រូវបានលើកឡើងពីកិច្ចប្រជុំ SOCA លើកទី ២៨ និងបានឯកភាពទៅលើឯកសារ និងសេចក្តីថ្លែងការណ៍របស់សហគមន៍ដើម្បីដាក់ជូនសន្និសីទ ASCC លើកទី ២៤ ហើយបន្ទាប់មកដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)