វេទិកាប្រជាជនអាស៊ានឆ្នាំ ២០២០ បានចាប់ផ្តើមធ្វើឡើង

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ៥ ខែវិច្ឆិកា វេទិកាប្រជាជនអាស៊ាន (APF) ឆ្នាំ ២០២០ បានចាប់ផ្តើមធ្វើឡើងក្រោមប្រធានបទ «សាមគ្គីភាពរបស់ប្រជាជនអាស៊ីអាគ្នេយ៍ដើម្បីសហគមន៍រួមបញ្ចូលគ្នានិងប្រកបដោយការឆ្លើយតប»។

វេទិកានេះធ្វើឡើងដោយផ្ទាល់នៅប្រទេសវៀតណាម និងក្នុងទម្រង់ជាសន្និសីទវីដេអូនៅកន្លែងផ្សេងៗទៀត ដោយវេទិកានេះបានប្រមូលផ្តុំតំណាងជាង ២៥០នាក់មកពីអង្គការប្រជាជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសវៀតណាម និងអ្នកចូលរួមប្រមាណ ៥០០នាក់ផ្សេងទៀតមកពីតំបន់អាស៊ាន។

នៅក្នុងសុន្ទរកថាបើកវេទិកានេះ លោក Phan Anh Son អនុប្រធានទទួលបន្ទុកអគ្គលេខាធិការសហភាពសហព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) ដែលជាអ្នករៀបចំវេទិកានេះបាននិយាយថា នេះជាលើកទី ១ ហើយដែលវេទិកា APF ត្រូវបានដំណើរការតាមប្រព័ន្ធអនឡាញដែលជាការបង្ហាញថា ប្រជាជនអាស៊ានកំពុងសម្របខ្លួនទៅស្ថានភាព «ធម្មតាថ្មី»។

លោកបាននិយាយថា បញ្ហាជាច្រើននឹងត្រូវបានលើកឡើងនៅក្នុងវេទិកា APF ឆ្នាំ ២០២០ រួមទាំងបញ្ហាសន្តិភាព និងសន្តិសុខ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានយុត្តិធម៌ អេកូឡូស៊ីប្រកបដោយនិរន្តរភាព ការងារ និងទេសន្តរប្រវេសន៍ តំបន់និយមជំនួស សេដ្ឋកិច្ចផ្លាស់ប្តូរ និងសាមគ្គីភាព ពាណិជ្ជកម្ម ការវិនិយោគ ថាមពលសាជីវកម្ម ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ វប្បធម៌ និងសិល្បៈ ការច្នៃប្រឌិត បច្ចេកវិទ្យាថ្មី សិទ្ធិឌីជីថល ការរើសអើងពូជសាសន៍ និងភាពជ្រុលនិយមផ្នែកសាសនា។

លោក Son បានរំពឹងថា កិច្ចពិភាក្សានឹងផ្តល់ជាអនុសាសន៍សម្រាប់រដ្ឋាភិបាលស្តីពីគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងគូសផែនទីផ្លូវឆ្ពោះទៅមុខ។

លោកបានទន្ទឹងរង់ចាំកិច្ចពិភាក្សាប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានផ្តោតទៅលើប្រជាជន ដែលជាកន្លែងសំឡេងរបស់ប្រជាជនត្រូវបានលឺ ជាកន្លែងដែលអង្គការរបស់ប្រជាជនអាចសហការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ព្រមទាំងជាកន្លែងដែលគ្មាននរណាម្នាក់ត្រូវបានទុកចោល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)