កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាគ្រោងធ្វើនៅថ្ងៃទី ១២-១៥ ខែវិច្ឆិកា

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ៥ ខែវិច្ឆិកា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Duong Hoai Nam បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់មួយរបស់ក្រសួងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលនឹងត្រូវធ្វើឡើងតាមរយៈសន្និសីទវីដេអូចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា។

ទាំងនោះ គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងឱកាសដែលវៀតណាមធ្វើជាប្រធានអាស៊ាន និងរួមបញ្ចូលនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ កិច្ចប្រជុំកំពូលអាស៊ាន ១+ ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន – នូវែលសេឡង់ ដើម្បីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនា កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ២៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ ។

កិច្ចប្រជុំកំពូល RCEP កិច្ចប្រជុំកំពូលមេគង្គ – ជប៉ុន និងកិច្ចប្រជុំកំពូលមេគង្គ – កូរ៉េខាងត្បូង កិច្ចប្រជុំកំពូលលើកទី ១០ រវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា – ឡាវ – វៀតណាម ក៏នឹងត្រូវធ្វើឡើងផងដែរ។

លោកនាយករដ្ឋមន្រ្តី Phuc និងបណ្តាមេដឹកនាំអាស៊ាន រួមជាមួយដៃគូនានានឹងពិភាក្សាអំពីដំណើរការការកសាងសហគមន៍អាស៊ាន ការបញ្ចប់អាទិភាព និងគំនិតផ្តួចផ្តើមអាស៊ានឆ្នាំ ២០២០ ព្រមទាំងជំរុញភាពជាដៃគូអាស៊ាន។

ពួកគេក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក និងលើកស្ទួយតួនាទីស្នូលរបស់អាស៊ាន ជាពិសេសនៅលើពិភពលោកក្នុងយុគសម័យក្រោយការរាតត្បាត។

លោក Nam បាននិយាយថា អាស៊ានបានបញ្ចប់អាទិភាព និងការផ្តួចផ្តើមគំនិតក្នុងឆ្នាំ ២០២០ តាមកាលបរិច្ឆេទ ដែលរួមមានការត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្តីពីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងការពិនិត្យឡើងវិញនៃការអនុវត្តធម្មនុញ្ញអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)