ថៃយល់ព្រមធ្វើប្រតិបត្តិការមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ

AKP ភ្នំពេញថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — គណៈរដ្ឋមន្រ្តីថៃបានអនុម័តជាផ្លូវការនូវសំណើដើម្បីដំណើរការមជ្ឈមណ្ឌលអាស៊ានថ្មីសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (APHEED) ។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Traisuree Taisaranakul បាននិយាយថា ក្រសួងសុខាភិបាលសាធារណៈបានដាក់សំណើនេះទៅផ្នែកសុខភាពរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើតមជ្ឈមណ្ឌលនេះកាលពីថ្ងៃទី ១៩ ខែតុលា។

លោកស្រី Traisuree បាននិយាយថា ប្រតិបត្តិការរបស់ APHEED នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមមានថ្លៃដើមទាប ការគាំទ្រសម្រាប់កម្មវិធីពិនិត្យ និងចាក់ថ្នាំបង្ការ ព្រមទាំងជំនួយក្នុងការត្រួតពិនិត្យវេជ្ជសាស្ត្រ និងការត្រួតពិនិត្យជំងឺក្នុងចំណោមពលករចំណាកស្រុក។

លោកស្រីបាននិយាយថា មជ្ឈមណ្ឌលនេះក៏នឹងបង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិន និងភ្ញៀវទេសចរនៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសថៃ និងសមាជិកអាស៊ានដទៃទៀត។

ក្នុងរយៈពេល ៥ឆ្នាំដំបូង មជ្ឈមណ្ឌលនេះនឹងចំណាយថវិកាប្រមាណ ៥៣០លានបាត (១៧លានដុល្លារអាម៉េរិក) ដើម្បីដំណើរការជារៀងរាល់ឆ្នាំ ហើយថវិកានេះនឹងកើនឡើងដល់ ១ប៊ីលានបាតក្នុងមួយឆ្នាំនៅក្នុងរយៈពេលវែងនៅពេលដែលមុខងារទាំងអស់ត្រូវបានបង្កើត និងដំណើរការ។

រដ្ឋាភិបាលជប៉ុន និងលេខាធិការដ្ឋានអាស៊ាន នឹងផ្តល់វិភាគទានដំបូងដែលមានចំនួនប្រមាណ ៦២០លានបាត បើទោះបីជាមានការចូលរួមវិភាគទានបន្ថែមទៀតពីប្រទេសទាំងពីរ ក៏ដូចជាប្រទេសដទៃទៀត ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)