ក្រសួងយុត្តិធម៌វៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាច្បាប់អាស៊ានឆ្នាំ ២០២០ តាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ក្រសួងយុត្តិធម៌វៀតណាម ដោយមានការសម្របសម្រួលជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានបើកវេទិកាច្បាប់តាមប្រព័ន្ធអនឡាញ។

វេទិកាស្តីពីច្បាប់អាស៊ានឆ្នាំ ២០២០ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការចែករំលែកបទពិសោធន៍របស់អាស៊ានស្តីពីការបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងការអនុវត្តសេចក្តីវិនិច្ឆ័យ និងសេចក្តីសម្រេចរបស់តុលាការក្នុងសំណុំរឿងរដ្ឋប្បវេណី»។

នៅក្នុងសុន្ទរកថាបើករបស់អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម លោក Nguye Khah Ngoc បាននិយាយថា រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវកម្មវិធី ផែនការ និងដំណោះស្រាយសម្រាប់ការបង្កើតច្បាប់ទន្ទឹមនឹងការធានានូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងការកាត់សេចក្តីរបស់តុលាការ ព្រមទាំងសេចក្តីសម្រេចនៅក្នុងសំណុំរឿងរដ្ឋប្បវេណី។

លោកបានចង្អុលបង្ហាញថា វានៅតែមានកម្រិតនៅឡើយនៅក្នុងការងារនេះ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះ។

លោក Ngoc បាននិយាយថា «ប្រទេសវៀតណាមមានបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួននៅក្នុងកិច្ចការងារនេះជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក៏ដូចជាប្រជាជាតិនានានៅលើពិភពលោក»។

អគ្គលេខាធិការរងអាស៊ាន លោក Robert Matheus Michael Tene បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងនេះក្នុងការរៀបចំវេទិកាតាមប្រព័ន្ធអនឡាញក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាច្បាប់នេះនឹងរួមចំណែកដល់ភាពជោគជ័យរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលកំពុងដំណើរការត្រៀមរៀបចំធ្វើឡើង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)