ព្យុះទីហ្វុង Goni វាយលុកប្រទេសឡាវ

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – អាជ្ញាធរអាកាសធាតុនៃប្រទេសឡាវបានព្រមានថា ព្យុះទីហ្វុង Goni អាចនឹងវាយប្រហារប្រទេសនេះបន្ទាប់ពីផ្លាស់ចេញពីប្រទេសហ្វីលីពីន។

យោងតាមរបាយការណ៍ពីនាយកដ្ឋានឧតុនិយម និងជលសាស្រ្តនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវបានឱ្យដឹងថា ព្យុះទីហ្វុង Goni ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសវៀតណាមមុនពេលមកដល់ឡាវនៅចន្លោះថ្ងៃទី ៥ និងទី ៦ ខែវិច្ឆិកា។

ដោយសារឥទ្ធិពលនៃព្យុះនេះ បណ្តាខេត្តនៅភាគខាងត្បូងប្រទេសឡាវត្រូវបានគេព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង។

នៅប្រទេសឡាវភាគខាងត្បូងត្រូវបានរងការវាយប្រហារដោយព្យុះ Molave កាលពីសប្តាហ៍មុន ដោយមានខ្យល់ និងទឹកភ្លៀងខ្លាំងអស់រយៈពេលជាច្រើនម៉ោងដែលធ្វើឱ្យខូចខាតដើមឈើ ផ្ទះ និងដីស្រែចំការ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ផ្ទៃដីកសិកម្មចំនួន ៥១.០០០ហិកតាត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបង្កឡើងដោយខ្យល់ព្យុះ Molave នៅក្នុងស្រុកចំនួន ១២ នៃខេត្ត Savannakhet។

នៅក្នុងប្រទេសថៃ វិបត្តិទឹកជំនន់ចាប់តាំងពីថ្ងៃទី ៧ ខែតុលាបានបណ្តាលឱ្យមនុស្សចំនួន ៩នាក់ស្លាប់ បាត់ខ្លួន ២នាក់ និងប៉ះពាល់ជាង ៩១.៦០០គ្រួសារនៅទូទាំងប្រទេស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)