បុរសកូរ៉េខាងជើងម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីឆ្លងកាត់ព្រំដែនអន្តរកូរ៉េ

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – នាយសេនាធិការចំរុះ (JCS) បាននិយាយថា កាលពីថ្ងៃពុធ បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានគេនាំទៅឃុំឃាំង បន្ទាប់ពីគេបានឆ្លងចូលប្រទេសកូរ៉េខាងត្បូងតាមរយៈព្រំដែនភាគខាងកើត ក្នុងការប៉ុនប៉ងដើម្បីផ្តាច់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង។

បុរសដែលត្រូវបានគេដកហូតអត្តសញ្ញាណនេះត្រូវបានចាប់ខ្លួនក្នុងរយៈពេល ១៤ម៉ោងបន្ទាប់ពីគេបានឆ្លងកាត់ព្រំដែននៅតំបន់ភាគខាងកើតនៃតំបន់ Goseong កាលពីល្ងាចថ្ងៃអង្គារ។ ការឆ្លងកាត់របស់គេត្រូវបានរកឃើញនៅលើឧបករណ៍ឃ្លាំមើលរបស់កូរ៉េខាងត្បូងដែលជំរុញឱ្យយោធាបើកប្រតិបត្តិការរុករកយ៉ាងទូលំទូលាយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ JCS បាននិយាយថា «យោធារបស់យើងបានចាប់ខ្លួនបុរសនោះដោយសុវត្ថិភាពនៅម៉ោងប្រហែល ៩:៥០នាទីព្រឹក ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយយើងនឹងធ្វើការស៊ើបអង្កេតទៅលើបុរសនោះ រួមទាំងវិធីដែលគាត់បានឆ្លងដែនផងដែរ»។

សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា «មិនមានការរកឃើញអ្វីប្លែកណាមួយពីសំណាក់យោធាកូរ៉េខាងជើងទេ»។

ក្រុមមន្រ្តីបាននិយាយថា បុរសដែលត្រូវបានគេសន្មត់ថាជាជនស៊ីវិលនោះបានបង្ហាញអំពីចេតនារត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងបន្ទាប់ពីរូបគាត់ត្រូវបានគេចាប់ខ្លួន បើទោះបីជាត្រូវមានការស៊ើបអង្កេតបន្ថែមជាចាំបាច់ក៏ដោយ។ បុរសម្នាក់នោះគ្មានអាវុធនៅជាប់ខ្លួនទេ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)