ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងមានកាន់តែខ្លាំងឡើង បើទោះជាលទ្ធផលនៃការបោះឆ្នោតយ៉ាងណាក៏ដោយ

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – សារព័ត៌មាន Sky News បានបង្ហាញថា នៅពេលដែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកជិតបញ្ចប់ រដ្ឋមន្ត្រីការបរទេសអង់គ្លេសបាននិយាយថា លោកជឿជាក់ថាប្រព័ន្ធបោះឆ្នោតអាម៉េរិកនឹងផ្តល់លទ្ធផលច្បាស់លាស់ដល់យើង។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បានប្រាប់សារព័ត៌មាន Sky News កាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងមានភាពកាន់តែខ្លាំងឡើង មិនថាលទ្ធផលនៃការបោះឆ្នោតដែលកំពុងកើតឡើងនោះយ៉ាងណានោះទេ។

លោកបានប្រាប់សារព័ត៌មាន Sky News ថា «ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ហើយយើងមានទំនុកចិត្តថាវានឹងបន្តកាន់តែមានភាពខ្លាំងឡើង មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតនេះទេ»។

លោកបាននិយាយថា ទំនាក់ទំនងនាពេលអនាគតនឹងមាន «ភាពខុសគ្នាបន្តិចបន្តួចនៃឱកាស និងហានិភ័យផ្សេងៗគ្នា» អាស្រ័យទៅលើបេក្ខជនណាដែលជាអ្នកឈ្នះការបោះឆ្នោតនេះ។

នៅពេលត្រូវបានគេសួរថា តើទំនាក់ទំនងនេះនឹងមានភាពតានតឹងឬទេប្រសិនបើលោក ចូ បៃដិន ឈ្នះតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក? លោក Raab បាននិយាយថា ទីក្រុងឡុងដ៍មានជំនឿចិត្តថា ទំនាក់ទំនងនឹងស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកបាននិយាយបន្ថែមថា «ខ្ញុំមិនមានការព្រួយបារម្ភអំពីទំនាក់ទំនងនេះទេ។ គំនូសបត់បែននៃឱកាស និងហានិភ័យតែងតែមានការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែរឿងនោះចាំបាច់ត្រូវបានកំណត់ទាក់ទងនឹងបរិបទនៃការបើកចំហរ និងផលប្រយោជន៍ដ៏ធំទូលាយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)