តើពេលណាទើបយើងដឹងអំពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០?

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កម្រិតនៃការឆ្លងរាលដាលមេរោគកូរ៉ូណាវីរុស និងចំនួនដ៏ច្រើននៃការបោះឆ្នោតតាមប្រអប់សំបុត្រត្រូវបានគេគិតទុកថា នឹងជាកត្តាដ៏ធំមួយនៅក្នុងការរាប់សន្លឹកឆ្នោតមុនពេលដែលអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ នឹងត្រូវបានប្រកាស។

ខណៈដែលការបោះឆ្នោតត្រូវបានបិទនៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃបោះឆ្នោត ហើយលទ្ធផលដំបូងនៃការបោះឆ្នោតបានចាប់ផ្តើម ក្រុមអ្នកជំនាញបានរំលឹកឡើងវិញនូវក្តីសង្ឃឹមដ៏មានសក្តានុពលសម្រាប់ការប្រកាសភ្លាមៗនៃអ្នកឈ្នះក្នុងការប្រជែងយកសេតវិមាន។

ការរាប់សន្លឹកឆ្នោតនាពេលបច្ចុប្បន្នបង្ហាញថា គណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ទទួលបាន ២៣៨សំឡេងប្រឆាំងនឹងប្រធានាធិបតីបច្ចុប្បន្នមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលទទួលបាន ២១៣សំឡេង ដោយពួកគេទាមទារឱ្យទទួលបានចំនួន ២៧០សំឡេង ដើម្បីទទួលបានជ័យជម្នះ។

ទោះជាយ៉ាងណា សន្លឹកឆ្នោតរាប់លាននៅក្នុងរដ្ឋសមរភូមិសំខាន់ៗអាចចំណាយពេលមួយរយៈដើម្បីរាប់ ដោយដំណើរការនេះអាចអូសបន្លាយពេលអស់ជាច្រើនថ្ងៃ។

ក្រុមអ្នកជំនាញបានអះអាងថា រដ្ឋសមរភូមិសំខាន់ៗមានដូចជា រដ្ឋផេនស៊ីលវេនៀ រដ្ឋមីឈីហ្គែន រដ្ឋហ្សកជា រដ្ឋខារ៉ូលីណាខាងជើង និងរដ្ឋវីសកុនស៊ីន ដែលត្រូវបានបិទការបោះឆ្នោតសម្រាប់ការរាប់សន្លឹកឆ្នោតនៅក្នុងដំណាក់កាលនេះ។

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះកំពុងត្រូវបានបង្ហាញនូវការប្រឆាំងនឹងស្ថានការណ៍ដែលមិនធម្មតានៅពេលដែលជំងឺកូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅក្នុងការងារនៃដំណើរការដែលបានបង្កើតឡើង។

ជនជាតិអាម៉េរិកមិនដឹងថា អ្នកណាជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ នេះនៅឡើយទេ រហូតដល់ថ្ងៃពុធ ឬថ្ងៃបន្ទាប់ទៀត៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)