ពាណិជ្ជកម្មរវាងអាស៊ាន – ចិន ឈានដល់តម្លៃជាង ៤៨១ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២០

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន លោក Deng Xijun បាននិយាយថា ពាណិជ្ជកម្មរវាងអាស៊ាន និងចិន ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំនេះបានឈានដល់តម្លៃ ៤៨១,៨ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹង ១ ភាគ ៧ នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

នៅក្នុងវេទិកាហ្សាការតាលើកទី ៣ ក្រោមប្រធានបទ «ពង្រឹងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ចំពេលដែលមានជំងឺកូវីដ-១៩» ដែលរៀបចំឡើងដោយសហគមន៍គោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី (FPCI) កាលពីថ្ងៃទី ២ ខែវិច្ឆិកា អ្នកការទូតរូបនេះបានលើកឡើងថា «វាបានកើនឡើង ៥,៦ភាគរយនៅក្នុងត្រីមាសទី ២ និង ៧,៧ភាគរយនៅក្នុងត្រីមាសទី ៣ ដែលមានភាពលឿនជាងពាណិជ្ជកម្មរវាងចិន និងដៃគូពាណិជ្ជកម្មដទៃទៀត»។

អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅឆមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួន ១៤,៧ភាគរយនៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។

យោងតាមលោក Deng បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ ប្រទេសចិនបានធ្វើការវិនិយោគដោយផ្ទាល់នៅក្នុងបណ្តាប្រទេសនៅអាស៊ានចំនួន ១០,៧ប៊ីលានដុល្លារអាម៉េរិក ដែលមានការកើនឡើង ៧៦,៦ភាគរយ។

នៅក្នុងឆ្នាំ ២០២១ គឺជាខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនារវាងអាស៊ាន – ចិន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)