យុវជនក្នុងតំបន់ស្វែងរកវិធីដើម្បីចូលរួមចំណែកនៅក្នុងសហគមន៍អាស៊ាន

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – គណៈកម្មាធិការជាតិយុវជនវៀតណាម (NCYV) និងគណៈកម្មាធិការមជ្ឈឹមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (HCYU) បានរួមគ្នាធ្វើសន្និសីទមួយតាមប្រព័ន្ធអនឡាញស្តីពី ថ្នាក់ដឹកនាំយុវជនអាស៊ាន កាលពីថ្ងៃទី ៣ ខែវិច្ឆិកា។

សន្និសីទនេះត្រូវបានផ្តួចផ្តើមឡើងដោយ NCYV ក្នុងគោលបំណងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាមក្នុងការអនុវត្តផែនការការងារអាស៊ានស្តីពីយុវជនក្នុងរយៈពេលឆ្នាំ ២០១៦-២០២០ ដែលបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំយុវជននៃបណ្តាប្រទេសនៅអាស៊ានក្នុងការចែករំលែកបទពិសោធន៍ និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ថ្លែងទៅកាន់ព្រឹត្តិការណ៍នេះ លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល HCYU និងជាប្រធានសហព័ន្ធយុវជនវៀតណាម លោក Nguyen Anh Tuan បានកត់សម្គាល់ថា បណ្តាប្រទេសនៅអាស៊ានបានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍយុវជន ដោយការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រមួយចំនួនក្នុងវិស័យនានា ក៏ដូចជាការធ្វើឱ្យមានភាពប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតនូវឧត្តមភាពលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយរបស់យុវជន។

សូចនាករស្តីពីការអភិវឌ្ឍយុវជនអាស៊ានទាក់ទងនឹងវិស័យអប់រំ លក្ខខណ្ឌសុខភាព ការងារ ការចាប់ផ្តើមអាជីវកម្ម និងការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម ត្រូវបានធ្វើឱ្យមានភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Tuan បាននិយាយថា ជាមួយនឹងចំនួនប្រជាជនប្រមាណជិត ២២០លាននាក់ យុវជនមានចំនួនមួយភាគបីនៃប្រជាជនអាស៊ាន ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ និងការរីកចម្រើននៃសហគមន៍អាស៊ាន។

លោកបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វេទិកា កម្មវិធី សន្និសីទ និងសកម្មភាពរាប់រយត្រូវបានគេប្រារព្ធធ្វើឡើង និងផ្តល់ផលប្រយោជន៍ដល់ក្រុមយុវជនផ្សេងៗគ្នា ដូចជាក្រុមនិស្សិត អ្នកវិទ្យាសាស្ត្រវ័យក្មេង សហគ្រិន មន្ត្រីរាជការ យុវជនស្ម័គ្រចិត្ត កម្មករ និងអ្នកនយោបាយជាដើម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)