ព្យុះទីហ្វុង Goni បំផ្លាញប្រព័ន្ធថាមពលទាំងស្រុងនៅកោះហ្វីលីពីន

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាកបាទក្រហមហ្វីលីពីនបាននិយាយកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ថា ទីប្រជុំជនចំនួន ៨ នៅលើកោះ Catanduanes ត្រូវបានកាត់ផ្តាច់ ហើយវាអាចចំណាយពេលជាច្រើនខែដើម្បីផ្តល់ថាមពលឡើងវិញដល់កោះនេះដែលមានប្រជាជនរស់នៅចំនួន ២៦០.០០០នាក់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំនេះ។

យោងតាមកាកបាទក្រហមបានឱ្យដឹងថា ផ្ទះប្រមាណ ២៥.០០០ខ្នងនៅលើកោះនេះត្រូវបានបំផ្លាញដោយព្យុះទីហ្វុង Goni ដែលបានបក់បោកខ្យល់ក្នុងល្បឿន ២២៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលដែលវាបោកបក់វាយប្រហារចូលទៅកោះនេះកាលពីថ្ងៃទី ១ ខែវិច្ឆិកា មុនពេលសាយភាយទៅកាន់ភាគខាងត្បូងកោះលូហ្សុន។

លោក Robert Kaufman ប្រធានប្រចាំប្រទេសនៃសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបាននិយាយថា មិនមានសេវាកម្មទូរគមនាគមន៍នៅលើកោះនេះទេ ហើយវាអាចចំណាយពេលជាច្រើនខែដើម្បីស្តារថាមពលឡើងវិញ។

លោក Kaufman បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងព្យាយាមទៅកាន់ទីប្រជុំជនចំនួន ៨ ដែលត្រូវបានកាត់ផ្តាច់ដោយការរអិលបាក់ដីនោះ។

លោកបាននិយាយទៀតថា ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះយ៉ាងតិច ២៥.០០០ខ្នងនៅលើកោះនេះ និងធ្វើឱ្យខូចខាតផ្ទះចំនួន ៤៥.០០០ខ្នងផ្សេងទៀត ហើយចំនួននៃការខូចខាតនេះត្រូវបានរំពឹងទុកថានឹងមានការកើនឡើងជាបន្តទៀត។

ព្យុះទីហ្វុង Goni បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីព្យុះ Molave បានបោកបក់ពេញប្រទេសហ្វីលីពីន។ យ៉ាងហោចណាស់មនុស្សចំនួន ២០នាក់បានស្លាប់ដោយសារព្យុះទីហ្វុង Goni ដោយក្នុងនោះអ្នកស្លាប់ ៦នាក់នៅលើកោះ Catanduanes និង ១៤នាក់នៅខេត្ត Albay ក្បែរកោះលូហ្សុន។

វាជាព្យុះខ្លាំងបំផុតនៅលើពិភពលោកនៅក្នុងឆ្នាំនេះ និងជាព្យុះមួយដែលវាយប្រហារខ្លាំងបំផុតនៅហ្វីលីពីនចាប់តាំងពីព្យុះហៃយ៉ាន (Haiyan) កាលពីឆ្នាំ ២០១៣ ដែលបានសម្លាប់មនុស្សជាង ៦.៣០០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)