ក្រសួងសុខាភិបាល រកឃើញអ្នកប៉ះពាល់ ជាមួយរដ្ឋមន្ត្រីការបរទេស​ ហុងគ្រីចំនួន ៦២៨នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង២៣ និង០០នាទី យប់ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងបានរកឃើញ អ្នកដែលបានប៉ះពាល់ជាមួយ រដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីចំនួន ៦២៨នាក់។

ក្រសួងបានបន្តទៀតថា លទ្ធផលធ្វើតេស្តអ្នកទាំង ៦២៨នាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើង ក្រោយពី​ក្រសួងសុខាភិបាល ទទួល​បាន​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ ករ​ណីវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ របស់​​រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ​ក្នុងពេលដែល​គាត់​កំពុង​បំពេញបេសកកម្ម​ផ្លូវការ ​នៅ​ព្រះរាជាណាចក្រ​ថៃ ​កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០២០។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល​កម្ពុជា​ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​ ដើម្បី​រក​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គាត់ ​ក្នុងរយៈពេល​ ដែល​បាន​ធ្វើទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី ០៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ កន្លងទៅ​នេះ​។

ក្រសួងសុខាភិបាល​ ​ក្រើនរំលឹក ​និង​ធ្វើការ​អំពាវនាវ​សារ​ជា​ថ្មី​ម្តង​ទៀត​ ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ បន្ត​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​ នូវ​វិធានការ​ការពារ​ខ្លួន ​ត្រូវ​ពាក់​ម៉ាស់ (ក្នុងករណី​ចាំបាច់​) ជា​ពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ ​និង​ពេល​ជួប​មនុស្សម្នា​ច្រើន​ប្រើ​កន្សែង ​ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ ពេល​ក្អក​ក​ណ្តា​ស់​ សម្អាត​ដៃ​ជាប់​ជាប្រចាំ​ រក្សា​សុវត្ថិភាព​សង្គម​ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ ដើម្បី​ចៀសវាង​ការ​ចម្លង​វីរុស​កូ​វី​ដ-១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា​គ្រប់​កាលៈទេសៈ​ និង​គ្រប់​ទីកន្លែង​៕

ដោយ៖ កន ចំណាន