ប្រជាពលរដ្ឋជាង៦០០គ្រួសារក្នុងខណ្ឌដង្កោ ទទួលបានពូជស្រូវដែលមានគុណភាពល្អពីរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០៤ ២០២០


MC៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ពូជស្រូវ ដែលមានគុណភាពល្អជូនប្រជាពលរដ្ឋជាង៦០០គ្រួសារក្នុងខណ្ឌដង្កោ ដើម្បីបង្កបង្កើនផលនិងស្តារជីវភាពគ្រួសារ ក្រោយពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ពូជស្រូវស្រាលចំនួន ៥០តោន សម្រាប់ចែកជូនប្រជាកសិករ ៦៦៣ គ្រួសារមកពីសង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។
ថ្លែងក្នុងពិធីចុះចែកពូជស្រូវស្រាលចំនួន ៥០តោន នៅព្រឹកថ្ងៃទី០៤ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម បានលើកទឹកចិត្ត ឱ្យប្រជាកសិករដែលទទួលបានពូជស្រូវហើយ ត្រូវខិតខំដាំដុះស្តារឡើងវិញឱ្យបានទាន់ពេលវេលា ដោយធ្វើស្រែតាម បច្ចេកទេសកសិកម្មថ្មីៗ ដែលបានទទួលពីមន្រ្តីជំនាញកសិកម្ម ដើម្បីធានាក្នុងការបង្កបង្កើនផលឱ្យទទួលបានទិន្នផលល្អ។ ឯកឧត្តមអះអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមមធ្យោបាយមួយចំនួនដើម្បីជួយដល់កសិករនៅពេលមានបញ្ហាខ្វះទឹក ក្នុងរដូវធ្វើស្រែឡើងវិញនេះ ដូចជាម៉ាស៊ីនបូមទឹក និងប្រេងឥន្ទនៈជាដើម ដើម្បីធានាឱ្យកសិករអាចទទួលបានផល សម្រាប់ ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។
សំឡេង« យើងពិនិត្យឃើញថា ក្នុងខណ្ឌដង្កោមានសង្កាត់ចំនួន៨ បានរងផលប៉ះពាល់ខ្លាំងជាងគេលើផ្ទៃដីកសិកម្ម ១២៨២ ហិកតានិងខូចខាតចំនួន ១៧០៩ ហិកតា។ករណីនេះត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រេចផ្តល់ពូជស្រូវចំនួនពីរលើកសរុបចំនូន៥០តោន សម្រាប់ចែកជូនប្រជាកសិករ៦៦៣គ្រួសារនៅពេលនេះ»។
ឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ពូជស្រូវដែលបាន ផ្តល់ជូននេះ គឺជាពូជស្រូវដែលមានគុណភាពល្អ អាចឱ្យប្រជាកសិករទទួលបានទិន្នផលល្អ ចន្លោះពី៨០ទៅ៩០ភាគរយ ដូច្នេះប្រជាកសិករដែលទទួលបានគ្រាប់ពូជនេះ ត្រូវខិតខំធ្វើយ៉ាងណា រៀបចំដីស្រែក្នុងការដាំដុះឱ្យបានទាន់ពេលវេលា ចៀសវាងទុកគ្រាប់ពូជចោល ។
លោកពូ ហេង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅសង្កាត់ទៀន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលរាជរដ្ឋាភិបាល មិនបោះបង់ពួកគាត់ចោល ហើយថែមទាំងផ្តល់ពូជស្រូវដែលមានគុណភាពល្អបន្ថែមទៀត សម្រាប់បង្កបង្កើនផលឡើងវិញ ដើម្បីបំពេញតម្រូវការហូបចុកនាពេលខាងមុខ ។ លោកពូបន្ថែមថា ក្រោយពីទទួលបានពូជនេះរួច លោកពូខិតខំដាំដុះ ឡើងវិញឱ្យបានលឿន និងទាន់ពេលវេលា ពីព្រោះចាប់ពីខែនេះទៅជារដូវប្រាំង ទឹកចាប់ផ្តើមស្រក ខ្យល់ចាប់ផ្តើមធ្លាក់ ដីចាប់ផ្តើមស្ងួត ដែលអាចពិបាកក្នុងការដាំដុះ ។
«ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដោយសារសម្តេចតេជោនិងសាលាក្រុង បានផ្តល់ជាស្រូវពូជមក ប្រជាពលរដ្ឋ សប្បាយចិត្តទាំងអស់គ្នា។ ហើយពូជនេះអាចជួយដោះស្រាយបញ្ហាបានមួយរយៈផងដែរ ព្រោះបានពូជហ្នឹង នឹងជួយបានរួច មួយឆ្នាំទៀត » ។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ជាប់ៗគ្នាជាខ្លាំង បន្តបន្ទាប់ បណ្តាលឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ហក់ឡើងខ្ពស់ ធ្វើឱ្យជន់លិចភូមិចំនួន៤២ភូមិ ក្នុងសង្កាត់ចំនួន១១ ជន់លិចផ្ទះសំបែងចំនួន ៤៩៦៥ ខ្នងផ្ទះ ស្មើនឹង ៥៥៨៧ គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន ២៣៥៦០នាក់ និងបង្កការខូចខាតដំណាំស្រែចម្ការចំនួន ១០៧៩ ហិកតា ៕