ប្រមុខកងយោធាកូរ៉េខាងត្បូង និងម៉ាឡេស៊ី ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃអង្គារ ការិយាល័យរបស់លោក Won In-choul បាននិយាយថា លោកឧត្តមសេនីយ៍ Won In-choul ប្រធានអគ្គសេនាធិការចំរុះកូរ៉េខាងត្បូង (JCS) បានជជែកតាមវីដេអូទូរស័ព្ទជាមួយសមភាគីម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Affendi Bin Buang និងបានប្តេជ្ញាពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ។

យោងតាម JCS បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការសន្ទនាគ្នារយៈពេល ៣០នាទី មេដឹកនាំយោធាទាំងពីរបានពិភាក្សាគ្នាអំពីការឆ្លើយតបចំពោះមេរោគកូរ៉ូណាវីរុស និងវិធីដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ពួកគេកាន់តែស៊ីជម្រៅថែមទៀត។

លោកឧត្តមសេនីយ៍ម៉ាឡេស៊ីបានអបអរសាទរចំពោះលោក Won សម្រាប់ការឡើងកាន់តំណែងរបស់លោកក្នុងនាមជាប្រធាន JCS ទី ៤២ កាលពីខែមុន និងបានសម្តែងក្តីសង្ឃឹមថា ចំណងមិត្តភាពការពារជាតិនឹងមានភាពកាន់តែខ្លាំងឡើង ព្រមទាំងការផ្លាស់ប្តូរលឿនរវាងយោធារបស់ពួកគេ។

JCS បាននិយាយបន្ថែមថា លោក Won ក៏បានកោតសរសើរចំពោះទំនាក់ទំនងការទូតដែលមានអាយុកាល ៦០ឆ្នាំរវាងប្រទេសទាំងពីរ និងបានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការសម្រាប់វិស័យយោធា និងឧស្សាហកម្មការពារជាតិ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)