លោក ពូទីន ពិភាក្សាអំពីដំណោះស្រាយនៅ ណាហ្គោណូ – ការ៉ាបាក់ ជាមួយមេដឹកនាំអាស៊ែបៃហ្សង់និងអារមេនី

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ – វិមានក្រឹមឡាំងបានរាយការណ៍ថា កាលពីថ្ងៃទី ១ និងទី  ២ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានពិភាក្សាយ៉ាងហ្មត់ចត់អំពីបញ្ហានៃដំណោះស្រាយជម្លោះនៅ ណាហ្គោណូ – ការ៉ាបាក់ ជាមួយនាយករដ្ឋមន្ត្រីអារមេនី លោក Nikol Pashinyan និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា «នៅថ្ងៃទី ១ និងទី ២ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទូរស័ព្ទជជែកជាមួយនាយករដ្ឋមន្រ្តីអារមេនី លោក Nikol Pashinyan និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ។ បញ្ហានៃការដោះស្រាយជំលោះនៅ ណាហ្គោណូ-ការ៉ាបាក់ ត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់»។

នៅមុននេះ លោក ពូទីន បានប្រាប់ក្លឹបពិភាក្សា Valdai កាលពីថ្ងៃទី ២២ ខែតុលា ថា គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ក្នុងការដោះស្រាយជម្លោះនៅ ណាហ្គោណូ – ការ៉ាបាក់ ជាងប្រទេសរុស្ស៊ីនោះទេ។ យោងតាមលោកបានឱ្យដឹងថា លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Pashinyan និងលោក Aliyev ហើយបានជជែកគ្នាជាមួយពួកគេតាមទូរស័ព្ទជាច្រើនដងក្នុងមួយថ្ងៃ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)