ពេលវេលានៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ អ្វីដែលត្រូវមើលនៅរាត្រីបោះឆ្នោត

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងគូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានថ្លែងសុន្ទរកថាបិទទៅកាន់អ្នកបោះឆ្នោតនោះ ការបង្ហាញចុងក្រោយបានឱ្យដឹងថា ពលរដ្ឋអាមេរិកជាង ៩៨លាននាក់បានបោះឆ្នោតរបស់ពួកគេរួចហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដោយការបោះឆ្នោតតាមអ៊ីម៉ែល និងការបោះឆ្នោតដោយផ្ទាល់មុនពេលដោយសារការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស ដោយមានចំនួនអ្នកទៅបោះឆ្នោតច្រើនបំផុតតាមការរំពឹងទុក។

ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ដែលពលរដ្ឋអាមេរិកនឹងជ្រើសរើសរវាងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ និងគូប្រជែងរបស់លោកមកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានបំបែកឯតទគ្គកម្មរួចទៅហើយទាក់ទងនឹងចំនួនពលរដ្ឋដែលបានជ្រើសរើសការបោះឆ្នោតមុនថ្ងៃបោះឆ្នោត  គឺនៅថ្ងៃទី ៣ ខែវិច្ឆិកា។

ពលរដ្ឋជាង ៩៨លាននាក់បានជ្រើសរើសការបោះឆ្នោតតាមអ៊ីម៉ែល និងដោយផ្ទាល់ ចំពេលដែលនៅមានការរីករាលដាលនៃជំងឺឆ្លងមេរោគកូរ៉ូណាវីរុស ជាមួយនឹងការឆ្ពោះទៅរកចំនួនអ្នកទៅបោះឆ្នោតខ្ពស់បំផុតក្នុងមួយសតវត្សរ៍កន្លងមកនេះ។

ក្រុមអ្នកជំនាញបានណែនាំថា រាត្រីបោះឆ្នោតអាចនឹងមានភាពមិនប្រក្រតីដែលកើតចេញពីកត្តាមួយចំនួន រួមទាំងការពន្យារពេលលទ្ធផលដែលចេញមកពីការរាប់សន្លឹកឆ្នោតដែលកំពុងរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។

យោងតាមការលើកឡើងរបស់មន្រ្តីបោះឆ្នោតអាមេរិក និងអង្គភាពសារព័ត៌មានបានឱ្យដឹងថា ស្របពេលដែលជ័យជំនះដាច់ខាតនៅក្នុងរដ្ឋសំខាន់ៗអាចជំរុញឱ្យបេក្ខជនទទួលបានជ័យជំនះនៅចុងបញ្ចប់នៃរាត្រីនេះវាអាចទៅរួចដូចគ្នាដែលថា អ្នកឈ្នះការបោះឆ្នោតប្រហែលជាមិនត្រូវបានបង្ហាញឱ្យឃើញនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះទេ។

សេណារីយ៉ូនេះបានកើតឡើងតាំងពីមុនមកម៉្លេះ ដោយការរាប់សន្លឹកឆ្នោតមានរយៈពេលយូរហួសពាក់កណ្តាលអធ្រាត្រនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០០០ ឆ្នាំ ២០០៤ និងឆ្នាំ ២០១៦ ។

ទោះជាយ៉ាងណា ការកំណត់ពេលវេលាប្រហាក់ប្រហែលបានបង្ហាញពីអ្វីដែលត្រូវរង់ចាំមើលនៅពេលរាត្រីបោះឆ្នោតនេះនូវអ្វីដែលនឹងលេចចេញមក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)