យ៉ាងហោចណាស់ភេរវករអ៊ីស្លាមម្នាក់ទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងវីយែន

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីល្ងាចថ្ងៃច័ន្ទ មនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើការបាញ់ប្រហារជាបន្តបន្ទាប់នៅកណ្តាលទីក្រុងវីយែន។ អធិការបតីអូទ្រីស លោក Sebastian Kurz បាននិយាយថា ឧប្បត្តិហេតុនេះ គឺជាអំពើភេរវកម្ម។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូទ្រីស លោក Karl Nehammer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភេរវករដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់ប្រហារនោះមានប្រដាប់អាវុធធុនធ្ងន់ និងពាក់ខ្សែក្រវាត់ដែលមានខ្សែភ្ជាប់ជាមួយគ្រឿងផ្ទុះ។

លោកបាននិយាយថា «យើងបានឆ្លងកាត់បទពិសោធន៍នៃការវាយប្រហារកាលពីល្ងាចថ្ងៃចន្ទដោយភេរវករអ៊ីស្លាមយ៉ាងតិចម្នាក់»។

លោករដ្ឋមន្រ្តីរូបនេះបានជំរុញឱ្យប្រជាជននៅទីក្រុងវីយែនស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃចន្ទលើរដ្ឋធានីនៃប្រទេសអូទ្រីស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអូទ្រីស លោក Harald Soros បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងនៅទីក្រុងវីយែនកាលពីល្ងាចថ្ងៃច័ន្ទនៅទីតាំងចំនួន ៦ ផ្សេងៗគ្នា រាប់បញ្ចូលទាំងនៅក្បែរសាលាប្រជុំមួយនៅកណ្តាលទីក្រុងផងដែរ។

អភិបាលទីក្រុងវីយែន លោក Michael Ludwig បាននិយាយកាលពីព្រឹកព្រលឹមថ្ងៃអង្គារថា បុរសម្នាក់និងស្ត្រីម្នាក់បានស្លាប់ដោយសារការវាយប្រហារកាលពីថ្ងៃច័ន្ទនៅរដ្ឋធានីនៃប្រទេសអូទ្រីសនេះ ខណៈដែលមនុស្សជាង ១០នាក់ផ្សេងទៀតបានរងរបួស។ យោងតាមលោក Soros បានឱ្យដឹងថា អ្នករងរបួសរួមមានមន្រ្តីប៉ូលីសម្នាក់។

អធិការបតីអូទ្រីស លក Sebastian Kurz និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Nehammer បានហៅការវាយប្រហារនេះថាជាអំពើភេរវកម្ម៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)