មនុស្ស ២៤នាក់រងរបួសនៅក្នុងការវាយប្រហារទៅលើមូលដ្ឋានយោធានៅស្រុក Imam Sahib របស់ប្រទេសអាហ្វហ្គានីស្ថាន

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ – បើទោះបីជាកិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ដែលបានកើតឡើងនៅក្នុងខែកញ្ញានៅទីក្រុងដូហារដ្ឋធានីនៃប្រទេសកាតាក៏ដោយ ក៏ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធបានកើនឡើងជាខ្លាំង។

វេជ្ជបណ្ឌិតក្នុងស្រុកមួយរូបបានប្រាប់សារព័ត៌មាន Sputnik ថា កងទាហាន ១៤នាក់ និងជនស៊ីវិល ១០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីមានការវាយប្រហារទៅលើមូលដ្ឋានយោធាមួយនៅក្នុងស្រុក Imam Sahib ក្នុងខេត្ត Kunduz នៃប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមប្រភពពីសន្តិសុខបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្តបានកើតឡើងនៅឯស្នងការមូលដ្ឋាន ហើយបន្ទាប់មកក្រុមអ្នកវាយប្រហារបានប៉ះទង្គិចជាមួយកងទ័ព។ កងវរសេនាតូចនៅតែត្រូវបានព័ទ្ធជុំវិញដោយកងកម្លាំងអាហ្វហ្គានីស្ថាន។

ការវាយប្រហារនេះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានចូលទៅក្នុងមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យកាប៊ុលជាមួយនឹងអាវុធដែលបានសម្លាប់មនុស្សចំនួន ១៩នាក់ និងរងរបួស ២២នាក់។

ក្រុមភេរវកម្ម Daesh បានរាយការណ៍អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ វាជាការវាយលុកជាលើកទី ២ ទៅលើស្ថាប័នអប់រំមួយនៅទីក្រុងកាប៊ុលក្នុងរយៈពេលតិចជាង ១០ថ្ងៃ។ កាលពីខែតុលា ក្រុមភេរវកម្ម Daesh បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅមជ្ឈមណ្ឌលអប់រំមួយក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានដែលបានសម្លាប់មនុស្សជាង ២០នាក់ដែលភាគច្រើនជានិស្សិតវ័យជំទង់។

ការប្រយុទ្ធគ្នាខ្លាំងក្លាកំពុងកើតឡើងនៅពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់នៅតែជាប់គាំងនៅក្នុងកិច្ចចរចាសន្តិភាពនៅរដ្ឋធានីកាតា។ ភាគីទាំងពីរបាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំទទួលបានបទឈប់បាញ់ប្រកបដោយសុវត្ថិភាព និងយូរអង្វែង បើទោះបីជាមានការរីកចម្រើនតិចតួចក៏ដោយចាប់តាំងពីកិច្ចពិភាក្សាបានចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញាមក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)