ធនាគារធំៗរបស់ថៃសន្យាគាំទ្រសហគ្រាសធុនតូច និងមធ្យមដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ — សមាគមធនាគារិកថៃបាននិយាយថា ធនាគារពាណិជ្ជកម្មធំៗមួយចំនួនរបស់ថៃបានសន្យាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ចំពេលមានភាពផុយស្រួយនៃសេដ្ឋកិច្ចដែលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ។

សមាគមនេះបាននិយាយថា ធនាគារពាណិជ្ជកម្មថៃមួយចំនួននឹងជួយសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតទៅលើការរៀបចំរចនាសម្ព័ន្ធបំណុល ក៏ដូចជាជួយដល់កូនបំណុលក្នុងការបង្កើនសមត្ថភាពក្នុងការសងបំណុលផងដែរ។

លោក Manop Sangiambut អនុប្រធានប្រតិបតិ្តទីមួយមកពីធនាគារពាណិជ្ជ Thai Siam (SCB) បាននិយាយថា ប្រាក់កម្ចីដែលមិនដំណើរការត្រូវបានគេរំពឹងថានឹងកើនឡើងដោយសារតែសេដ្ឋកិច្ចមិនទាន់បានវិលត្រឡប់ទៅរកកំណើននៅឡើយ ដោយលោកបាននិយាយបន្ថែមថា ឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់ខ្លាំងបំផុតពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលមានសភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ។

លោក Pipatpong Poshyanonda ប្រធានធនាគារថៃកសិករ (Thai Kasikornbank) បាននិយាយថា និន្នាការសេដ្ឋកិច្ចនៅតែស្ថិតក្នុងភាពអវិជ្ជមាន ខណៈដែលវិស័យសណ្ឋាគារ និងអចលនទ្រព្យកំពុងប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ។ លោកបាននិយាយបន្ថែមថា ធនាគាររបស់លោកនឹងមិនផ្តោតទៅលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតនោះទេ ប៉ុន្តែផ្តោតទៅលើការជួយកូនបំណុលក្នុងការបង្កើនសមត្ថភាពក្នុងការសងបំណុល។

លោក Chartsiri Sophonpanich ប្រធានធនាគារបាងកកបាននិយាយថា ទោះបីជាធនាគាររបស់លោករងផលប៉ះពាល់យ៉ាងខ្លាំងពីការធ្លាក់ចុះដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏យើងនៅតែគាំទ្រដល់ក្រុមអ្នកខ្ចីទាំងអស់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យអចលនទ្រព្យរហូតដល់ឆ្នាំក្រោយដែរ។

លោក Payong Srivanich ជាប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ Thai Krungthai បាននិយាយថា សហគ្រាសធុនតូច និងមធ្យម នៅមានភាពផុយស្រួយនៅឡើយ ខណៈដែលបំណុលមិនល្អនឹងមិនមានការផ្លាស់ប្តូរច្រើនទេ ហើយធនាគាររបស់លោកនឹងផ្តោតសំខាន់ទៅលើការរៀបចំរចនាសម្ព័ន្ធបំណុលជាជាងការបង្កើនប្រាក់កម្ចី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)