ប្រព័ន្ធនយោបាយរបស់ប្រទេសវៀតណាមបង្ហាញអំពីប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

AKP ភ្នំពេញថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ប្រព័ន្ធនយោបាយរបស់ប្រទេសវៀតណាមបង្ហាញអំពីប្រសិទ្ធិភាពនិងប្រសិទ្ធភាពនៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះកាន់តែមានភាពស្មុគស្មាញ។

តម្លាភាពរបស់រដ្ឋាភិបាលវៀតណាមនៅក្នុងសកម្មភាពនានាបានជួយលើកកម្ពស់ទំនុកចិត្តរបស់សាធារណៈជនចំពោះអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកប្រទេសវៀតណាមជាគំរូដ៏លេចធ្លោមួយក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏បានហៅប្រទេសនេះថាជា «តារា» ផងដែរ។

អ្វីដែលធ្វើឱ្យប្រទេសវៀតណាមមានភាពលេចធ្លោនោះ គឺការឆ្លើយតបយ៉ាងរហ័ស និងទាន់ពេលវេលារបស់ខ្លួនចំពោះការគំរាមគំហែងដោយជំងឺកូវីដ-១៩ ដោយធ្វើការទាក់ទងជាច្រើនជាន់ ការដាក់ចេញនូវវិធានការចត្តាឡីស័ក និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការបង្ការនានា។

អាថ៌កំបាំងមួយទៀតចំពោះភាពជោគជ័យនេះ គឺរដ្ឋាភិបាលបានអនុម័តយុទ្ធសាស្រ្តជាតិយ៉ាងឆាប់រហ័ស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងអនុវត្តឱ្យបានត្រឹមត្រូវ។

ប្រទេសវៀតណាម គឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសចិនដែលបានដាក់ចេញនូវវិធានការណ៍គម្លាតសង្គម។ កងយោធា កងជីវពល កងកំលាំងសន្តិសុខ និងអ្នកស្ម័គ្រចិត្តត្រូវបានកេណ្ឌប្រមូលដើម្បីបញ្ជាក់ពីវិធានការណ៍ចត្តាឡីស័ក និងវិធានការណ៍បង្ការនានាដែលត្រូវបានគេសង្កេតឃើញ ខណៈដែលបណ្តាញថែទាំសុខភាពសាធារណៈទូទាំងប្រទេសនៅតែស្ថិតក្នុងស្ថានភាពបន្ទាន់ដដែល។

ប្រទេសនេះក៏បានបង្កើតឧបករណ៍សំរាប់ធ្វើតេស្តិ៍ជំងឺកូវីដ-១៩ ដែលមានតំលៃសមរម្យ បានបង្កើនការផលិតរបាំងបិទមុខ និងទឹកលាងសម្អាតដៃ ហើយបានបង្កើតកម្មវិធីសម្រាប់តាមដានមេរោគដែលជួយកំណត់ថា តើមនុស្សម្នាក់នោះបានទាក់ទងជាមួយអ្នកជំងឺដែលមានជំងឺកូវីដ-១៩ ដែរឬទេ ព្រមទាំងផ្តល់បច្ចុប្បន្នភាពអំពីស្ថានភាពមេរោគនេះនៅទូទាំងប្រទេសផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)