អ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៧.៨លានករណី ខណៈដែលអាម៉េរិកព្រឹកនេះ រកឃើញជិត៩ម៉ឺននាក់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤៧,៨២២,៣៦៨ករណី ហើយក្នុងនោះមនុស្សសរុប ១,២១៩,៤៦០នាក់ស្លាប់ និងជាង ៣៤លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី៣ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៦៨,៧៦៣ករណី និងស្លាប់ជិត៨ ពាន់នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៧លាននាក់នោះ គេឃើញមានសហរដ្ឋអាម៉េរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានអ្នកឆ្លងដល់ជាង ៩.៦លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣៨,៥៧៧នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៨៩,៩៣៧ករណី និងស្លាប់ជាង ១ពាន់នាក់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន