ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកឆែប ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបព្ជីាដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានប្រារព្ធធ្វើឡើងក្នុងបរិវេណសាលាស្រុកឆែប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមក្នុងពិធីមានអភិបាលរងខេត្ត អភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុកឆែប ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររៀបចំដែនដី អង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

តាមរបាយការណ៍របស់លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដីបានអោយដឹងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំឆែបមួយ សរុបមាន ០២ភូមិ ក្នុងនោះភូមិឆែបកើត ជាភូមិទី០១ ដែលក្រុមការងារបានចុះអនុវត្តន៍តាមនិតីវិធីតាមដំណាក់កាលនីមួយ‌ៗចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រហូតដល់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាពេលនេះដែលទទួលបានលទ្ធផលសរុបបានចំនួន ១២០០ក្បាលដី ស្មើនឹងផ្ទែដីទំហំ ១២,០៤០,៧៩ ហិកតាស្មើនិង ៥៨៣គ្រួសារ ក្នុងនោះដីលំនៅដ្ឋានមានចំនួន ៧១១ក្បាលដី ដីកសិកម្មចំនួន ១១៥ក្បាលដី ដីទួលអ្នកតាចំនួន ១ក្បាលដី ដីសាលារៀន ៣ក្បាលដី ដីការិយាល័យ ១ក្បាលដី និងដីគ្មានទិន្នន័យ ៣៦៩ក្បាលដី។លោកក៏បានបន្តអោយដឹងថា សម្រាប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ មានរយះពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅការិយាល័យភូមិបាលស្រុក។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានថ្លៃងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីររៀបចំដែនដី ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំដំណើរការ នៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី របស់រាជរដ្ឋាភិបាលនៅតាមស្រុក-ក្រុងគោលដៅរបស់ខេត្តទៅតាមជំហានការងារនីមួយៗរហូតបានបញ្ចាប់ និងអាចប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាបន្តបន្ទាប់។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវខិតខំបន្តដោះស្រាយរាល់ទំនាស់ដីធ្លី និងទប់ស្កាត់ការកាប់ទន្ទ្រានបែបអនាធិបតេយ្យលើដីព្រៃរបស់រដ្ឋ ហាមដាច់ខាតរាល់ការចេញលិខិតបញ្ចាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លីដែលមិនមែនជាដីភោគៈ។ត្រូវបន្តបង្ក្រាប និងទប់ស្កាត់គ្រប់បទល្មើសអោយមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ ព្រោះវាធ្វើអោយយើងជួបប្រទះបញ្ហាប្រឈមធំៗ ដូចជាចំលងជម្ងឺកូវីដ១៩ គ្រឿងញៀន និងលុយកខ្វក់ ឬលុយខ្មៅ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ