មន្ដ្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវមួយចំនួននៅតាមជនបទ ដែលរងការខូចខាតដោយគ្រោះទឹកជំនន់នៅខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០

នៅក្នុងឱកាសចុះពិនិត្យផ្លូវមួយចំនួននៅតាមជនបទ ដែលរងការខូចខាតដោយ គ្រោះទឹកជំនន់នៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការចុះពិនិត្យផ្លូវ នៅពេលនេះ គឺដើម្បីសិក្សាឱ្យបានច្បាស់លាស់សម្រាប់ផ្លូវថ្នល់នៅតាមជនបទ ដែលបានរង ការខូចខាតដោយសារទឹកជំនន់កន្លងមក ដើម្បីត្រៀមធ្វើការជួសជុលឡើងវិញសម្រាប់ឱ្យ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិកម្ម ខណៈដែលប្រជាពលរដ្ឋចាប់ផ្ដើម ប្រមូលផលស្រូវវស្សាជាបណ្ដើរៗ។

ឯកឧត្តមបានបន្តថា ជាលទ្ធផលនៃការចុះពិនិត្យនេះ រកឃើញផ្លូវតាមតំបន់មួយចំនួន នៅក្នុងស្រុកអង្គរធំ ស្រុកអង្គរជុំ និងស្រុកពួកបានរងការខូចខាតខ្លាំងដោយសារទឹកជំនន់បាន វាយលុកកន្លងមក។ ឯកឧត្ដមបានបន្ដថា ផ្លូវទាំងអស់នេះជាផ្លូវយុទ្ធសាស្ដ្រសំខាន់ៗដែលរាជ រដ្ឋាភិបាលជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទនឹងត្រូវជួសជុលឱ្យទាន់ពេលវេលា។ ព្រោះ ថា បើសិនផ្លូវថ្នល់មានការពិបាក ធ្វើឱ្យទំនិញស្រូវប្រជាកសិករ មានតម្លៃទាបដែលធ្វើឱ្យប៉ះ ពាល់ដល់មុខរបរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ប៉ុន្ដែបើសិនធ្វើផ្លូវស្អាតឱ្យទាន់ពេល វេលាធ្វើឱ្យប្រជាកសិករមានក្ដីសង្ឃឹមទំនិញពួកគាត់ក៏មានតម្លៃសមរម្យដែរ។

លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាប បានឱ្យដឹងដែរថា ក្រៅពី ផ្លូវដែលបានចុះពិនិត្យនេះ នៅមានផ្លូវមួយចំនួន រងការខូចខាត ប៉ុន្ដែមិនទាន់អាចជួសជុល បាននៅឡើយទេ ដោយសារទឹកមិនទាន់ស្រកនៅឡើយ។ លោកក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋឱ្យមានការយោគយល់ ក្នុងការស្ដារផ្លូវថ្នល់នៅតាមជនបទនោះឡើងវិញ។

លោកបានបន្ដថា រាជរដ្ឋាភិបាលបានយល់ពីក្ដីទុកលំបាករបស់ប្រជាកសិករហើយ នឹង ចាប់ផ្ដើមកែលម្អឡើងវិញ ក្រោយពីទឹកស្រកអស់ ព្រោះការជួសជុលផ្លូវដែលមានទឹកជំនន់ គ្មានគុណភាព។

បើតាមរបាយការណ៍របស់មន្ដ្រីជំនាញការិយាល័យផ្លូវគោក នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប បានបង្ហាញថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានខ្សែផ្លូវ ប្រវែងជាង៤រយគីឡូម៉ែត្រ (៤១៩,៥០០ម៉ែត្រ) បានរងផលប៉ះពាល់ដោយទឹកលិចលើផ្លូវ រួមមាន នៅស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកស្រីស្នំ ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។ ដោយឡែក ផ្លូវដែល ត្រូវជួសជុលបន្ទាន់ និងចាំបាច់បំផុត មានចំនួន២១ខ្សែ ស្មើនឹងជិត២០០គីឡូម៉ែត្រ (១៩៦,៨០០ម៉ែត្រ៕

ដោយ ឃុត សៅ

សម្រួលផ្សាយ៖ កន ចំណាន