តំបន់ភាគខាងកើតប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១៩ នាយប់ថ្ងៃទី៥ ខាងមុខនេះ

APP ភ្នំពេញ ថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖  នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននឹងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹក បានបន្តទៀតថា ព្យុះនេះបានប្តូរទិសដៅបន្តិចចូលមកផ្នែកខាងលើ នៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ជាមួយគ្នានោះ លក្ខណៈបែបនេះ ចាប់ពីយប់ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើឲ្យបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ និងបណ្តារាជធានី-ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ៕

ដោយ៖ កន ចំណាន