អ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៧.២លានករណី ពោលគឺត្រឹមតែរយៈពេល២៤ម៉ោង រកឃើញអ្នកឆ្លងថ្មីជាង ៤០ម៉ឺននាក់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤៧,២៧៧,៣២០ករណី ហើយក្នុងនោះមនុស្សសរុប ១,២១០,៣១៥នាក់ស្លាប់ និងជិត ៣៤លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី២ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៣៦,៥២៤ករណី និងស្លាប់ជិត៥ ពាន់នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៧លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៩.៥លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣៦,៩០០នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៧២,២៧៤ករណី និងស្លាប់ជាង ៤០០នាក់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន