ប្រទេសសឹង្ហបូរីអនុវត្តការស្កេនគំរូកែវភ្នែក និងផ្ទៃមុខនៅតាមប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍

AKP ភ្នំពេញថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០​ — អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) របស់ប្រទេសសឹង្ហបុរីបានប្រកាសពីការអនុវត្តន៍ការស្កេនគំរូកែវភ្នែក និងផ្ទៃមុខ ដែលជាឧបករណ៍សម្គាល់ជីវមាត្រដ៏សំខាន់សម្រាប់អ្នកដំណើរនៅតាមប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ទាំងអស់ជំនួសឱ្យការស្កេនស្នាមម្រាមដៃ។

ទីភ្នាក់ងារនេះបាននិយាយថា អ្នកដំណើរនៅតាមច្រកផ្លូវអន្តោប្រវេសន៍ស្វ័យប្រវត្តិបានធ្វើការស្កេនលិខិតឆ្លងដែនរបស់ពួកគេជាធម្មតាដើម្បីឆ្លងកាត់នៅដំណាក់កាលដំបូង។ នៅដំណាក់កាលទីពីរ ស្នាមមេដៃរបស់ពួកគេនឹងត្រូវបានត្រួតពិនិត្យជាធម្មតា ពួកគេត្រូវបានស្នើសុំឱ្យក្រឡេកមើលម៉ាស៊ីនមួយដែលបានស្កេនកែវភ្នែក និងផ្ទៃមុខរបស់ពួកគេបន្ទាប់ពីពួកគេបានដករបាំងបិទមុខចេញ។

បច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានប្រើសម្រាប់អ្នកដែលបានចុះឈ្មោះជីវមាត្រវិទ្យានៃកែវភ្នែក និងផ្ទៃមុខជាមួយ ICA ។ ស្នាមម្រាមដៃនឹងនៅតែត្រូវបានប្រើប្រាស់ប្រសិនបើអត្តសញ្ញាណសម្គាល់ជីវមាត្រទាំងពីរនេះមិនអាចប្រើប្រាស់បាន។

ICA បាននិយាយថា ប្រជាជនជាង ២លាននាក់ ឬ ៧០ភាគរយនៃប្រជាជនសឹង្ហបុរីដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅដោយមានលិខិតឆ្លងដែនត្រឹមត្រូវ ត្រូវបានចុះឈ្មោះ រួមជាមួយអ្នកស្នាក់នៅអចិន្រ្តៃយ៍ចំនួន ១៣០.០០០នាក់ផងដែរ។

បច្ចេកវិទ្យាថ្មីនេះត្រូវបានសាកល្បងនៅអាកាសយានដ្ឋាន Changi និងប៉ុស្តិ៍ត្រួតពិនិត្យ Tuas ចាប់តាំងពីឆ្នាំ ២០១៩ មក។

នៅក្នុងឆ្នាំ ២០២២ ICA មានបំណងអនុញ្ញាតឱ្យអ្នកស្រុកអាចឆ្លងកាត់គ្រប់ដំណាក់កាលនៃប្រព័ន្ធអន្តោប្រវេសន៍បានដោយមិនចាំបាច់បង្ហាញលិខិតឆ្លងដែន។

ក្មេងអាយុក្រោម ៦ឆ្នាំនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ព្រោះលក្ខណៈរូបវិទ្យា និងជីវវិទ្យាដែលទាក់ទងកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)