យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ និង ៣៩០.០០០នាក់បានផ្លាស់ទីលំនៅ នៅពេលព្យុះទីហ្វុង Goni វាយប្រហារប្រទេសហ្វីលីពីន

AKP ភ្នំពេញថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០​ — យោងតាមការិយាល័យការពារជនស៊ីវិល (OCD) របស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីន នៅពេលព្យុះទីហ្វុង Goni ដែលជាព្យុះខ្លាំងជាងគេនៅក្នុងឆ្នាំនេះបានវាយប្រហារភាគខាងត្បូងកោះ Luzon របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១ ខែវិច្ឆិកា។

នៅក្នុងរបាយការណ៍របស់ OCD បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៩នាក់បានស្លាប់នៅក្នុងខេត្ត Albay និងម្នាក់នៅខេត្តកោះ Catanduanes ខណៈដែលមនុស្ស ៣នាក់ផ្សេងទៀតនៅក្នុងទីក្រុង Guinobatan ក្នុងខេត្ត Albay ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។

ព្យុះទីហ្វុង Goni ក៏បានបង្ខំឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនជាង ៣៩០.០០០នាក់ផងដែរ ដោយក្នុងនោះមានមនុស្សជាង ៣៤៥.០០០នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសរបស់រដ្ឋាភិបាល។

ព្យុះទីហ្វុង និងព្យុះត្រូពិក បានវាយប្រហារប្រទេសហ្វីលីពីនជាទៀងទាត់ចាប់ពីខែមិថុនាដល់ខែធ្នូ ដោយសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតរាប់ពាន់លានដុល្លារអាមេរិក។

ដោយស្ថិតនៅក្នុងតំបន់ «ចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក» ប្រទេសហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះថ្នាក់បំផុតនៅលើពិភពលោក ដែលរួមមានគ្រោះផ្ទុះភ្នំភ្លើង គ្រោះរញ្ជួយដីញឹកញាប់ និងជាមធ្យមមានព្យុះចំនួន ២០ ក្នុងមួយឆ្នាំបានវាយប្រហារដែលបង្កជាទឹកជំនន់ និងការបាក់ដី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)