សម្តេចតេជោ រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់ យ៉ាងវេទនារបស់កូនប្រុសច្បង ហ៊ុន កំសត់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈមណ្តាញទំនាក់ទនង់សង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់ យ៉ាងវេទនារបស់កូនប្រុសច្បង ហ៊ុន កំសត់។

សម្តេចតេជោ បានសរសេរថា «ថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះជាខួបលើកទី៤៤ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់ខ្ញុំ(១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះខ្ញុំចង់រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនខ្ញុំ។ ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែក្រោយរៀបការប្តីប្រពន្ធយើងមិនបានរស់នៅជាមួយគ្នាដោយសារពួកអង្គការយកភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំរកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះហើយធ្វើឱ្យនាងចាញ់កូនយ៉ាងខ្លាំង។ ទោះមានផ្ទៃពោះ និងចាញ់កូនក៏ភរិយាខ្ញុំនៅតែខិតខំធ្វើការយ៉ាងលំបាកតាមការចាត់តាំងរបស់អង្គការសុីអត់សុីឃ្លានដូចប្រជាជនកម្ពុជាទូទាំងប្រទេសផ្សេងទៀតដែរ។ ប្តីប្រពន្ធយើងពិតជាកំសត់ យើងមិនដែលបានរស់នៅជាមួយគ្នាលើសពីមួយសប្តាហ៍ឡើយ ខ្ញុំតែងស្រក់ទឹកភ្នែកអាណិតប្រពន្ធពេលនាងចាញ់កូន និងមានជម្ងឺដោយសារធ្វើការធ្ងន់ហួសកម្លាំង។

ក្នុងខែតុលា ១៩៧៦ ខ្ញុំបានសុំអង្គការយកភរិយាខ្ញុំទៅទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)មុនបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ យុទ្ធមិត្តក្នុងអង្គភាពក៏ដូចជាប្រជាជននៅភូមិកោះថ្ម និងភូមិក្តុលបានផ្តល់មតិមកខ្ញុំថា ទុកភរិយាខ្ញុំឱ្យឆ្លងទន្លេនៅក្នុងអង្គភាពដោយឆ្មបបុរាណ។ ដោយសារការព្រួយបារម្ភអំពីការឆ្លងទន្លេកូនដំបូងហើយដែលអាចឈានដល់ការវះកាត់ខ្ញុំ និងភរិយាបានពិភាក្សាគ្នាហើយសម្រេចថាត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យសុវត្តិភាពជាង។ ចុងខែតុលា ១៩៧៦ ខ្ញុំបានបញ្ជូនភរិយាខ្ញុំ មកកាន់មន្ទីរពេទ្យតំបន់ដែលមានទីតាំង នៅស្រុកមេមត់(ពេលនេះជាវិទ្យាល័យមេមត់)។ នៅមន្ទីរពេទ្យ មានគ្រូពេទ្យស្ត្រីម្នាក់ជាពេទ្យឆ្មបដែលធ្លាប់រៀនពេទ្យជាមួយភរិយាខ្ញុំ ដែលជាពេទ្យឆ្មបដូចគ្នា។ ឯប្រធានមន្ទីរពេទ្យគឺជាមនុស្សល្អនិងរាប់អានជាមួយខ្ញុំច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យខ្ញុំមានការជឿទុកចិត្តទៅលើមន្ទីរពេទ្យនេះ។ ជាអកុសលតាំងពីពេលយកភរិយាចូលមន្ទីរពេទ្យនាចុងខែតុលា ១៩៧៦ ខ្ញុំពុំដែលបានទៅជួបភរិយាខ្ញុំទេ ដោយសារជាប់កិច្ចការផង និងប្រធានយោធាតំបន់ដែលមកនៅអង្គភាពខ្ញុំ ខ្វះអាធ្យាស្រ័យផងដែលមិនអាចសុំច្បាប់ទៅមើលប្រពន្ធបាន។

ដូចទេវតាបានរៀបចំនៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ១៩៧៦ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា ព្រឹកស្អែក(១០ វិច្ឆិកា) សែនឯង ត្រូវធ្វើដំណើរជាមួយខ្ញុំទៅស្រុកពាមជីលាំង(ស្រុកពាមជីលាំងបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយយកឃុំខ្លះនៃស្រុកត្បូងឃ្មុំ និងឃុំខ្លះនៃស្រុកក្រូចឆ្នា)។ ខ្ញុំត្រេកអរខ្លាំងណាស់ហើយសង្ឃឹមថា និងបានចូលមើលប្រពន្ធនៅមន្ទីរពេទ្យព្រោះផ្លូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមន្ទីរពេទ្យនៅជាប់និងផ្លូវស្រាប់។ ជាមួយនឹងការរីករាយខ្ញុំក៏មានការងឿងឆ្ងល់លើប្រធានយោធាតំបន់រូបនេះដោយសារការធ្វើដំណើរទៅស្រុកពាមជីលាំងគឺទៅរកនារី១០០នាក់ដើម្បីរៀបការឱ្យយុទ្ធជនពិការដែលជាកិច្ចការរបស់ស្នងការនយោបាយ មិនមែនរូបខ្ញុំដែលទទួលការងារសេនាធិការនោះឡើយ។

ខ្ញុំបានចោទចេញជាសំនួរថាតើគាត់អាចបោកខ្ញុំយកទៅចាប់នៅក្រៅអង្គភាពឬទេ? ព្រោះវាជារបៀបដែលពួកនេះធ្លាប់បានធ្វើពីមុនមកក្នុងការចាប់កម្មាភិបាលយុទ្ធជនវាតែងប្រាប់ថាទៅរៀនឬទៅបំពេញការងារឬបេសកម្មនៅក្រៅអង្គភាព។ បញ្ហាសំខាន់ដែលធ្វើអោយខ្ញុំទទួលបញ្ជាយ៉ាងឆាប់នោះ គឺខ្ញុំចង់ឆ្លៀតចូលមើល រ៉ានី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមេមត់ ព្រោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ កាត់តាមមុខមន្ទីរពេទ្យនេះ។ អាស្រ័យដោយនិស្ស័យប្តី និងប្រពន្ធ ឪពុក និងកូននៅយប់ថ្ងៃ៩ ឈានដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ១៩៧៦ ខ្ញុំដេកមិនលក់សោះ សម្លេងសត្វមៀម ខ្លែងស្រាក និងសត្វផ្សេងៗទៀតបានយំឭកងរំពងចេញពីដើមជ្រៃដ៏ធំ ដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ ធ្វើអោយខ្ញុំព្រឺក្បាល។ ខ្ញុំមានអារម្មណ៍ថានឹងមានហេតុការមិនល្អសម្រាប់ខ្ញុំហើយ ព្រោះតាំងពីធំដឹងក្តីមក ខ្ញុំហាក់មានអ្នកតាមថែរក្សា ដែលអាចអោយខ្ញុំដឹងមុននូវហេតុការណ៍ ដែលនឹងកើតនាពេលខាងមុខ ទាំងល្អ ទាំងអាក្រក់ តាមរយៈនៃការយល់សប្តិឬតាមរយៈសត្វយំ ឬប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះខ្ញុំនឹក រ៉ានី ខ្លាំងណាស់ ហើយគិតថា រ៉ានី អាចឆ្លងទន្លេយប់នេះ។ ខ្ញុំដេកមិនលក់សោះ ហើយក្រោយម៉ោង១២យប់ សត្វមិនគ្រាន់តែនៅដើមជ្រៃប៉ុណ្ណោះទេដែលយំ តែនៅដើមឈើក្រៅបន្ទាយក៏ស្រែកយំគួរអោយតក់ស្លុត។ ក្រោយម៉ោង១២យប់ ជាពេលដែល រ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ ម៉ោងប្រហែល២រំលងអាធ្រាតចូលដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំចេញមកក្រៅផ្ទះ ឃើញភ្លើងហោះចេញពីដើមជ្រៃទៅកន្លែងផ្សេង និងពីកន្លែងផ្សេងមកដើមជ្រៃវិញ។ សម្លេងសត្វយំកាន់តែកងរំពងខ្លាំងឡើង ហាក់ចង់ដាស់តឿនខ្ញុំថាខ្ញុំនឹងជួបគ្រោះ។ ខ្ញុំព្រឺក្បាលកាន់តែខ្លាំង និងនឹកទៅដល់ភរិយារបស់ខ្ញុំកាន់តែខ្លាំង។ ខ្ញុំអង្គុយយំម្នាក់ឯងអាណិតខ្លួន អាណិតប្រពន្ធដែលខំមកតាមប្តីក្នុងពេលដែលប្តីមិនអាចការពារ និងថែទាំប្រពន្ធបានរហូតខ្ញុំគិតថាមិនគួរមានប្រពន្ធ មានកូនក្នុងពេលដែលប្រទេសជាតិកំពុងជួបនឹងគ្រោះថ្នាក់បែបនេះទេ។ ខ្ញុំមិនសម្រាកទេ និងបន់អោយ តែមេឃឆាប់ភ្លឺ។ ខ្ញុំបានពិនិត្យសម្ភារៈរបស់ខ្ញុំឡើងវិញ ដែលកាំភ្លើងខ្ញុំបានបញ្ចូលគ្រាប់កាំភ្លើងខ្លីម៉ាក K54សម្រាប់ក្រវ៉ាត់នឹងចង្កេះ និងកាំភ្លើងខ្លីមួយដើមទៀតម៉ាក K59 ដាក់ក្នុងកាបូបស្ពាយរបស់ខ្ញុំ។ កាំភ្លើងទាំង២ដើមបើកសោរត្រៀមប្រយុទ្ធហើយស្រេច ព្រោះបារម្ភប្រធានយោធាតំបន់ បោកខ្ញុំយកទៅ ចាប់ឬសម្លាប់ក្រៅ អង្គភា។

ម៉ោងប្រមាណ៥ មិនទាន់ភ្លឺផង ប្រធានយោធាតំបន់បានជិះម៉ូតូមកដល់ផ្ទះខ្ញុំ ហើយសួរខ្ញុំថា តើរៀបចំខ្លួនហើយឬនៅ យើងចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបានឆ្លើយតបថា រួចហើយបង។ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា សែនឯងជាអ្នកជិះម៉ូតូឌុបខ្ញុំ។ ពេលនោះខ្ញុំគិតថាពិតជាមិនស្រួលហើយ ហេតុអីគាត់អោយ ខ្ញុំជិះម៉ូតូឌុបគាត់ទៅទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ដកយកកាំភ្លើងចេញពីស្រោមមកសៀតនឹងចង្កេះឆ្វេងវិញងាយស្រួលប្រើដៃស្តាំដកចេញហើយបាញ់តែម្តង។ ពេលជិះម៉ូតូចេញមកតាមផ្លូវខ្ញុំគិតថាប្រសិនម្នាក់នេះដកកាំភ្លើងភ្ជង់ខ្ញុំពីក្រោយ ខ្ញុំត្រូវផ្តួលម៉ូតូភ្លាមដើម្បីឱ្យដួលទាំងអស់គ្នា និងដើម្បីកុំអោយគាត់បាញ់ខ្ញុំពីក្រោយបាន។ ខ្ញុំត្រូវជិះម៉ូតូអោយលឿន ព្រោះគាត់ពិតជាមិនហ៊ានបាញ់ទេនៅពេលម៉ូតូនៅមានល្បឿនលឿន។ នេះជាការដែលខ្ញុំគិតដើម្បីការពារជីវិតនាពេលនោះ តែរឿងបែបនេះមិនបានកើតឡើងនាពេលនោះទេ ដូចនេះបានជាខ្ញុំយកការសន្ឋិដ្ឋានមួយថាមូលហេតុដែលគាត់អោយខ្ញុំជិះម៉ូតូឌុបគាត់អាចបណ្តាលមកពីគាត់មិនទុកចិត្តខ្ញុំ ខ្លាចខ្ញុំបាញ់គាត់ពីក្រោយដូច ដែលខ្ញុំគិតទៅលើរូបគាត់នៅពីក្រោយខ្ញុំដែរ។

ផ្លូវជាតិលេខ៧ ពីឃុំទន្លូង មកមន្ទីរពេទ្យនៅអនុវិទ្យាល័យមេមត់ ទទួលរងការខូចខាតយ៉ាងខ្លាំងតាំងពី ឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង បញ្ជូនរថក្រោះមកបើកបរលើផ្លូវនេះនៅពេលដែលគេចូលឈ្លានពានកម្ពុជានាពេលនោះ។ ដូចនេះទោះត្រូវជិះលឿន ក្នុងចម្ងាយផ្លូវជាង៣០គីឡូម៉ែត្រ យើងត្រូវប្រើពេលប្រមាណមួយម៉ោង។ ចេញមកម៉ោងជាង៥ មកដល់មន្ទីរពេទ្យម៉ោងជាង៦ព្រឹក។ ពេលដល់មន្ទីរពេទ្យ ខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យប្រធានយោធាតំបន់សួរខ្ញុំថា ចូលមន្ទីរពេទ្យធ្វើអី? ខ្ញុំឆ្លើយថាចូលមើលប្រពន្ធខ្ញុំបន្តិច ព្រោះគាត់សម្រាកពេទ្យនៅទីនេះ។ គាត់ថាតែបន្តិចទេណាប្រញាប់ធ្វើដំណើរទាន់ព្រឹក។ ក្រោយម៉ោង៦ព្រឹក ភាពតក់ស្លុតបានកើតឡើងសម្រាប់រូបខ្ញុំ គឺនៅពេលដែលខ្ញុំបានចូលដល់មន្ទីរពេទ្យ មានស្ត្រីដែលសម្រាកព្យាបាលជាមួយភរិយាខ្ញុំ បានស្រែកប្រាប់ខ្ញុំថា ប្អូនប្រពន្ធ ប្អូនឆ្លងទន្លេ ឯកូនស្លាប់ហើយ។ ឯបងៗផ្សេងទៀតស្រែកថា រ៉ានី ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ មានបងស្រីម្នាក់បាននិយាយថារវល់ទៅណាមិនមកមើលប្រពន្ធ ទុកអោយប្រពន្ធឆ្លងទន្លេតែឯង។ល។

ខ្ញុំពុំឆ្លើយតបជាមួយពួកគាត់ទេ តែប្រឹងរត់សំដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិត ខ្ញុំរុញទ្វារបើក ឡើងមិនឃើញ រ៉ានី ទេព្រោះពេទ្យបានបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេងទៀត។ និស្ស័យឪពុក និងកូន ខ្ញុំ បែរជាសម្លឹងទៅឃើញទារកមួយដែលកំពុងហូរឈាមចេញតាមមាត់ មានស្លាកស្នាម និងឆ្អឹងខ្នងប៉ះនឹងជ្រុងគ្រែបាក់ឆ្អឹងខ្នង និងមានប្រឡាក់ដី។ នោះគឺកូននេះកើតមកត្រូវពេទ្យធ្វើអោយរបូតពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅដី ទើបរើសពីដី មកដាក់ចោលលើគ្រែវិញ។ ដោយឃើញ កូននៅហូរឈាមតាមមាត់នៅឡើយ ខ្ញុំប្រឹងស្រែកអោយគេជួយសង្រ្គោះជីវិតកូនខ្ញុំ។ អ្នកជម្ងឺជា ស្ត្រី៥នាក់បានចូលមកជួយមើលដោយក្តីអាណិត បន្តិចក្រោយមកប្រធានមន្ទីរពេទ្យក៏បានចូលមកដល់។ គាត់ក៏ជាមនុស្សល្អម្នាក់បានសំដែង នូវការសោកស្តាយ និងសុំការអាធ្យាស្រ័យជំនួសគ្រូពេទ្យ ដែលធ្វើការធ្វេសប្រហែស ធ្វើអោយមានរឿងសោកនាដកម្មនេះកើតឡើង។ ខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យអោយជួយរកចបកាប់ដើម្បីខ្ញុំយកសាកសពកូនខ្ញុំទៅកប់ប៉ុន្តែស្រាប់តែប្រធានយោធាតំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ ពេលឃើញប្រធានយោធាតំបន់មកដល់ ខ្ញុំក៏បានស្នើសុំទៅគាត់ ដោយពាក្យរាបសារទាំងទឹកភ្នែកថា ខ្ញុំសុំអនុញ្ញាតពីបងដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ទខ្ញុំ ដែលទើបឆ្លងទន្លេ។ អាឃោរឃៅមួយនេះចាប់ផ្តើមបញ្ចេញនូវសារជាតិរបស់វាមកហើយ វាមិនគ្រាន់តែមិនចូលរួមសោកស្តាយនូវការបាត់បង់ដ៏ធំធេងរបស់ខ្ញុំ តែវាបែរជាយកពេលនេះមកបំបាក់ស្មារតីខ្ញុំទៀតផង។ ចម្លើយរបស់វាមកកាន់ខ្ញុំដំបូងវានិយាយថា ចរិតពួកអនុធនមិនកែប្រែសោះ កម្មសិទ្ធិ មនោសញ្ចេតនាក្រាស់ មិត្តឯងមិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅក៏អាកូននេះមិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយមិនបាច់កប់ខ្លួនឯងទេ។ ការងារអង្គការសំខាន់ជាងការងារបុគ្គល។ ឮសំដីបែបនេះកំហឹងខ្ញុំក្តៅរោលរាលពេញខ្លួន តែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការទើបអស់មនុស្សបែបតិរច្ឆាននេះ។ មុនវាដើរចេញទៅ វាប្រាប់ខ្ញុំថា ខ្ញុំទៅចាំនៅខាងក្រៅ១៥នាទី ត្រូវចេញដំណើរ។ ប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរ សំដែងការហួសចិត្តផង និងភ័យខ្លាចផង ហើយចូលរួមអាណិតអាសូរដល់ខ្ញុំ។ ជាមួយទឹកភ្នែកដែលស្រក់មកមិនឈប់ ខ្ញុំបានទាញយកក្រម៉ា ពីករខ្ញុំដែលសើមដោយទឹកភ្នែករបស់ខ្ញុំមករុំសពកូនរបស់ខ្ញុំហើយស្នើសុំប្រធានមន្ទីរពេទ្យអោយជួយរកក្រដាស់សរសេរអក្សរថា (កំសត់) ដាក់ក្នុងកូនដប ដើម្បីយកទៅកប់ជាមួយកូនខ្ញុំ។ បំណងរបស់ខ្ញុំគឺដាក់ឈ្មោះកូននេះមានឈ្មោះថា “កំសត់”និងងាយចំណាំ ដោយយើងមានអក្សរនៅក្នុងដបបិទជិត។ ខ្ញុំមិនច្បាស់ថាប្រធានមន្ទីរពេទ្យ ធ្វើតាមសំណូមពរខ្ញុំ ឬអត់នោះទេ ព្រោះតែប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវពួកអង្គការចាប់យកទៅសម្លាប់ដែរ។ ដូចនេះហើយ ទើបខ្ញុំមិនដឹងថាសពកូនរបស់ខ្ញុំកប់នៅទីណា ពិតប្រាកដ។ បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ ខ្ញុំប្រញាប់ទៅរក រ៉ានី ដែល កំពុងអាំងភ្លើងនៅបន្ទប់មួយទៀត។ តាមពិត រ៉ានី មិនបានឃើញមុខកូនយ៉ាងណានោះទេ ។ យើងជាប្តីប្រពន្ធក្មេងៗ មើលមុខគ្នាយំដោយការស្តាយស្រណោះ ។ ខ្ញុំមិនមានក្រម៉ាជូតទឹកភ្នែកទៀតទេ ដោយសារក្រម៉ាបានយកទៅរុំសពកូនទៅហើយមានដៃអាវទាំងសងខាងសម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រម៉ាអោយខ្ញុំទាំងខ្លួននាងនៅរងារញ័រញាក់ បន្ទាប់ពីឆ្លងទន្លេទើបបានប្រហែល ជាងមួយម៉ោង។ សាកសពកូនមិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេ មិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់ប៉ុណ្ណា? តែខ្ញុំបានយកឈ្នះលើចិត្តខ្លួងឯង ដើម្បីធ្វើការងារធំជាង គឺរំដោះប្រជាជន កម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ខ្ញុំបន្តដំណើរជាមួយប្រធានយោធាតំបន់ទៅឃុំពាមជីលាំង ស្រុកពាមជីលាំង នាពេលនោះ និងជាស្រុកត្បូងឃ្មុំ នាពេលនេះ។ នេះជាការធ្វើដំណើរដោយបង្ខំចិត្ត ក្នុងពេលដែលវិញ្ញាណទាំងអស់នៅជាមួយភរិយាដ៏កំសត់ និងការសោកស្តាយចំពោះកូនដែលបាត់បង់ជីវិតទៅ។ យើងបានធ្វើដំណើរ និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក ពេលរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពួកយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានឆ្លៀតស្នើសុំប្រធានយោធាតំបន់សារជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែទាំភរិយាខ្ញុំ។ ប៉ុន្តែសំណើដដែលចម្លើយក៏ដដែលដែរ បន្ថែមដោយការអប់រំមកលើខ្ញុំថាខ្វះចរិតដាច់ខាតក្រោយពេលមានប្រពន្ធ។ ខ្ញុំខឹងខ្លាំងណាស់ស្ទើរតែអត់ទ្រាំមិនបាន បំរុងទាញកាំភ្លើងបាញ់អាចង្រៃនេះនៅម្តុំបុស្តតាកុក ចន្លោះភូមិស្អំ និងភូមិដារ ដែលពេលនោះមានសុទ្ធតែព្រៃគ្មានមនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូចពេលនេះទេ។ ប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បាន ដើម្បីដឹកនាំការតស៊ូ មួយដែលខ្លួនបានម្ចាស់ការរៀបចំកម្លាំងជាបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ និងដែលមានមួយចំនួនត្រូវគេចាប់ខ្លួនរួចទៅហើយដូចនេះចលនាតស៊ូត្រូវតែមានជាបន្ត មិនអាចបាត់បង់ដោយសារកំហឹងរបស់ខ្ញុំបានឡើយ។ ម៉ោងប្រហែល៤ល្ងាច ម៉ូតូមកដល់មុខមន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរចូលទៅបន្ទប់ដែល រ៉ានី សម្រាកពិនិត្យឃើញ រ៉ានី ហើមមុខ ហើមខ្លួន បន្ទាប់ពីឆ្លងទន្លេបានប្រហែល៣៥ម៉ោង។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ នាងបានប្រាប់ខ្ញុំថា អាចមកពីពេទ្យកាយទម្លាក់សុកមិនអស់។ ពួកយើងបាន ត្រឹមទឹកភ្នែក តែ រ៉ានី ហាក់រឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែកដោយការអាណិតភរិយា និងពុំបានទៅសួរប្រធានមន្ទីរពេទ្យអំពីទីកន្លែងដែលកប់សាកសពកូនខ្ញុំដែរ។ មកដល់អង្គភាព ខ្ញុំបានយករឿងនេះទៅជម្រាបប្រធាននយោបាយអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់ និងមានអាយុប្រហែលឪពុកខ្ញុំ។ គាត់បានអនុញ្ញាតអោយយក រ៉ានី ទៅព្យាបាលនៅអង្គភាព។ គាត់បានសំដែងនូវការហួសចិត្តចំពោះទង្វើប្រធានយោធាតំបន់មកលើខ្ញុំ ហើយប្រាប់ខ្ញុំថាម្នាក់នេះជាអតីតចោរលួចគោអ្នកស្រុកទៅលក់អោយវៀតកុង នៅតាមព្រំដែនកម្ពុជា វៀតណាម។ ដល់ប៉ូលីសតាមរកចាប់ក៏រត់ចូលព្រៃតស៊ូជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៦៨ ទើបគេក្លាយជាអ្នកមានអំណាចដ៏អស្ចារ្យក្នុងរបបខ្មែរក្រហម។ ប្រហែលដោយសារប្រធាននយោបាយអង្គភាពបានប្រាប់ទៅគាត់ថាខ្ញុំអន់ចិត្ត និងដោយសារយុទ្ធជនក្នុងអង្គភាពនេះស្ថិតក្រោមបញ្ជាខ្ញុំ ទើបធ្វើអោយប្រធានយោធាតំបន់រូបនេះចាកចេញពីអង្គភាពតាំងពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅរស់នៅទីបញ្ជាការយោធាតំបន់នៅចំការដូង ស្រុកមេមត់ ដែលទើបកសាងរួច។ មុនពេលភ្លឺ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំប្រញាប់ចេញទៅមន្ទីរពេទ្យ ដើម្បីដឹកយក រ៉ានី មកអង្គភាពរបស់ខ្ញុំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង។ ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តខ្ញុំ បានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជល់អោយខ្ញុំ។

ពួកគេបានដឹងពីរឿងកូនខ្ញុំស្លាប់ និងភរិយាខ្ញុំឈឺ ពួកគេបានចូលរួមសោកស្តាយ និងការលំបាកជាមួយប្តីប្រពន្ធរបស់ពួកយើង។ ជាសំណាង ល្អដែលខ្ញុំបានយក រ៉ានី មកអោយឆ្មបបុរាណកាយទម្លាក់សុកទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង និងឈានទៅគ្រោះថ្នាក់ដល់ជិវិតជាមិនខានឡើយ ។ ខ្ញុំបានបំពេញភារកិច្ចជាស្វាមីពិតប្រាកដសម្រាប់ភរិយាមួយរូប ដែលបានលះបង់គ្រប់យ៉ាងដើម្បីរូបខ្ញុំដែលជាជនពិការម្នាក់។ ខ្ញុំរកបានអុសល្អៗដើម្បីដុតកំដៅដែលជំនាន់ដើមហៅថា(អាំងភ្លើង) ក្រោយឆ្លងទន្លេរួច។ ឆ្នាំ១៩៧៦ ត្រូវនឹងឆ្នាំដែលមានធាតុអាកាសត្រជាក់ណាស់។ រ៉ានី មិនចេះផឹកស្រា ដែលខ្ញុំបានផ្សំទុកជាមួយសត្វអាញី និងទឹកឃ្មុំ។ ដូចនេះខ្ញុំត្រូវរកវិធីផ្សំថ្នាំតាមចាស់ៗនិយាយប្រាប់។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំដើម្បីសុខភាពភរិយា។ សក់ក្បាលរបស់ខ្ញុំសំបូរដោយផេះ ព្រោះត្រូវផ្លុំភ្លើងដាំថ្នាំដាំបាយបំរើភរិយា។ រៀងរាល់ព្រឹក ក្នុងចន្លោះម៉ោង៤ ដល់ម៉ោងជាង៥ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីលាបពន្លៃ ត្រាំស្រា និងដុតភ្លើងឱ្យប្រពន្ធ។ ខ្ញុំបំរើ រ៉ានី ដូចបំរើម្តាយចាស់ប្រហែលជាងកន្លះខែ ទើបរឹងដៃរឹងជើង តែខ្ញុំនៅតែចាត់ទុកថា ភរិយាខ្ញុំនៅសសៃខ្ចីនៅឡើយ។ ដូចនេះបានជាខ្ញុំមិនបណ្តោយអោយនាងធ្វើអ្វី ហើយខ្ញុំក៏មិនទៅណាឆ្ងាយចោលនាងដែរ។ ទោះបីជួបការលំបាក តែនេះជាលើកដំបូងហើយ ដែលខ្ញុំបានរស់នៅជាមួយគ្នាលើសមួយសប្តាហ៍បន្ទាប់ពីរៀបការហើយ។ ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នាដោយមិនសូវមានការរំខានពីពួកអង្គការដូចពេលមុនឡើយ»។

សម្តេចតេជោបានបញ្ជាក់ថា នេះជាការឈឺចាប់ ដែលមិនអាចបំភ្លេចបានចំពោះរឿងរ៉ាវ ដែលកូនប្រុសច្បង បានស្លាប់តែការឈឹចាប់នោះហើយ ដែលបានជួយលើកទឹកចិត្តសម្តេច ឱ្យងើបឈរឡើង ដើម្បីសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីខែមករា ឆ្នាំ១៩៧៩៕ ដោយ៖ កន ចំណាន