តួលេខអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៦.៧លានករណី ពោលគឺត្រឹម២៤ម៉ោង មានករណីថ្មីជាង៤០ ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤៦,៧៩៥,៣៨២ករណី ហើយក្នុងនោះមនុស្សសរុប ១,២០៤,៨៨៣នាក់ស្លាប់ និងជាង៣៣.៤លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤២៧,៤៧៥ករណី និងស្លាប់ជាង៥ ពាន់នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៦លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៩.៤លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣៦,៤៣៧នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីជាង ៦ពាន់ករណី និងស្លាប់ជាង ៣០០នាក់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន