ប្រទេសហ្វីលីពីនជម្លៀសប្រជាជនចេញមុនពេលមកដល់នៃព្យុះដ៏ខ្លាំងបំផុតនៅក្នុងឆ្នាំ ២០២០

AKP ភ្នំពេញថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ៣១ ខែតុលា អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យជម្លៀសប្រជាជនរាប់ពាន់នាក់នៅភាគខាងត្បូងនៃកោះលូហ្សុន ខណៈដែលព្យុះ Goni ជាព្យុះខ្លាំងបំផុតនៅលើពិភពលោកនៅក្នុងឆ្នាំនេះកំពុងខិតជិតមកដល់ប្រទេសនេះ។

យោងតាមលោក Gremil Naz មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បានឱ្យដឹងថា ការជម្លៀសប្រជាជនចេញមុនពេលចាប់ផ្តើមមកដល់នៃព្យុះនេះនៅតាមតំបន់ឆ្នេរ និងសហគមន៍ដែលងាយនឹងបាក់ដីនៅក្នុងខេត្ត Camarines Norte និងខេត្ត Camarines Sur ខណៈដែលអាជ្ញាធរខេត្ត Albay នឹងបញ្ជាឱ្យប្រជាជននៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ចាកចេញពីផ្ទះ។

ព្យុះទីហ្វុង Goni ដែលមានកម្លាំងខ្យល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យមានការបាក់ដី ដែលវាជាព្យុះខ្លាំងបំផុតវាយប្រហារប្រទេសហ្វីលីពីនចាប់តាំងពីព្យុះ Haiyan ដែលបានសម្លាប់មនុស្សជាង ៦.៣០០នាក់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ។

ព្យុះ Goni ដែលធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោងពីមហាសមុទ្រប៉ាស៊ីហ្វិកនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅលើរដ្ឋធានី និងខេត្តចំនួន ១៤ ដែលនៅក្បែរនោះកាលពីល្ងាចថ្ងៃទី ៣១ ខែតុលា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)