ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងលិចប្រទេសតួកគីកើនឡើងដល់ ៦០នាក់

AKP ភ្នំពេញថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃអាទិត្យ គណៈគ្រប់គ្រងនៃភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគី (AFAD) បានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងលិចប្រទេសតួកគីបានកើនឡើងដល់ ៦០នាក់ ខណៈដែលចំនួនអ្នករងរបួសបានកើនឡើងដល់ ៩៤០នាក់។

AFAD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោងតាមព័ត៌មានចុងក្រោយបានឱ្យដឹងថា មនុស្សចំនួន ៦០នាក់បានស្លាប់ និងមនុស្ស ២១៨នាក់កំពុងបន្តទទួលការព្យាបាលនៅឯមន្ទីរពេទ្យ»។

កាលពីថ្ងៃសុក្រ មាគ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានកើតឡើងនៅភាគខាងលិចប្រទេសតួកគី ដោយចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងសមុទ្រ Aegean ក្បែរទីក្រុង Seferihisar ក្នុងខេត្ត Izmir ។ គ្រោះរញ្ជួយដីនេះក៏បានប៉ះពាល់ដល់បណ្តាកោះរបស់ក្រិកដែលនៅក្បែរនោះ ដោយរួមទាំងកោះ Samos ផងដែរ ដែលបានបណ្តាលឱ្យមនុស្ស ២នាក់បានស្លាប់ និង ២០នាក់បានរងរបួស។ ក្រុមអ្នកជំនាញផ្នែករញ្ជួយដីក្រិកបានប៉ាន់ស្មានថា គ្រោះរញ្ជួយដីនេះមានកម្រិត ៦,៩រ៉ិចទ័រ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)