ថវិកាសម្រាប់ឆ្នាំ ២០២១ របស់ម៉ាឡេស៊ី ផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០​ — នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយថាថវិកាសម្រាប់ឆ្នាំ ២០២១ នឹងផ្តល់ថវិកាបម្រុងទុកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលរដ្ឋាភិបាលកំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោកបាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងដាក់ចេញនូវវិធានការណ៍បន្ថែមនៅក្នុងថវិកានេះ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ៦ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនត្រឡប់ទៅរកភាពប្រក្រតីវិញ។

យោងតាមនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ២ប៊ីលានរីងហ្គីត (៤៨០លានដុល្លារអាមេរិក) ដល់ក្រសួងសុខាភិបាល ខណៈដែលសម្រាប់រដ្ឋ Sabah តែមួយដែលរងការវាយប្រហារដោយជំងឺកូវីដ-១៩ បានទទួលថវិកាចំនួន ៤០០លានរីងហ្គីតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះពាក់ព័ន្ធនឹងការផ្តល់ជំនួយស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់ក្រុមគ្រួសាររបស់ប្រជាជន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)