មនុស្សប្រមាណ ៥០នាក់ត្រូវបានឃុំខ្លួននៅក្នុងការធ្វើកុប្បកម្មប្រឆាំងនឹងការធ្វើចត្តាឡីស័កនៅប្រទេសអេស្ប៉ាញ

AKP ភ្នំពេញថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០​ — អាជ្ញាធររបស់ប្រទេសអេស៉្បាញបាននិយាយថា មនុស្សប្រមាណ ៥០នាក់ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងនានាក្នុងប្រទេសអេស៉្បាញ ក្នុងអំឡុងពេលធ្វើកុប្បកម្មមួយយប់ប្រឆាំងនឹងវិធានការចត្តាឡីស័ក ដែលត្រូវបានដាក់ចេញដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ការប៉ះទង្គិចគ្នាជាមួយក្រុមមន្រ្តីប៉ូលីសបានកើតឡើងនៅក្នុងទីក្រុង Madrid ទីក្រុង Logrono ទីក្រុង Bilbao ទីក្រុង Santander ទីក្រុង Malaga និងទីក្រុងដទៃទៀត។

នៅក្នុងទីក្រុង Madrid ក្រុមអ្នកតវ៉ាបានព្យាយាមបិទផ្លូវនៅកណ្តាលទីក្រុងមួយដោយបានដុតសំរាមនៅក្នុងធុង និងធ្វើរបាំងការពារ។ យោងតាមអាជ្ញាធរទីក្រុងនេះបានឱ្យដឹងថា មនុស្សចំនួន ៣០នាក់ត្រូវបានឃុំខ្លួននៅក្នុងរដ្ឋធានីនេះ ហើយមន្ត្រីប៉ូលីសចំនួន ៣នាក់បានរងរបួស។

មនុស្សចំនួន ៦នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Logrono ហើយមន្រ្តីប៉ូលីស ៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា។

បាតុកម្មប្រឆាំងនឹងការធ្វើចត្តាឡីស័កក៏បានកើតឡើងផងដែរនៅក្នុងទីក្រុង Bilbao ទីក្រុង San-Sebastian និងទីក្រុង Victoria ដែលមនុស្ស ៧នាក់ត្រូវបានឃុំខ្លួន ហើយយ៉ាងហោចណាស់អ្នកតវ៉ា ៥នាក់ត្រូវបានឃុំខ្លួននៅទីក្រុង Santander ។

នាយករដ្ឋមន្រ្តី លោក Pedro Sanchez បានហៅសកម្មភាពនេះថា «ជាការមិនអាចទទួលយកបានទេ» ដោយលោកបានអំពាវនាវដល់ប្រជាជនរបស់ប្រទេសនេះឱ្យបង្ហាញការទទួលខុសត្រូវ និងឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរបស់អេស៉្បាញបានចូលជាធរមានជុំវិញការកើនឡើងនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានចែងអំពីបម្រាមគោចរពេលយប់។ ការរឹតត្បឹតទៅលើការធ្វើដំណើរនេះត្រូវបានគេណែនាំនៅក្នុងសហគមន៍ និងទីក្រុងស្វយ័តមួយចំនួន។ កាលពីថ្ងៃព្រហស្បតិ៍ សភាអេស្ប៉ាញបានអនុម័តការពន្យារពេលនៃការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះរយៈពេល ៦ខែទៀតរហូតដល់ខែឧសភាឆ្នាំក្រោយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)