ទីក្រុងសេអ៊ូលនឹងផាកពិន័យអ្នកដែលមិនពាក់របាំងមុខចំនួន ១០០.០០០វ៉ុន ដោយចាប់ផ្តើមពីថ្ងៃទី ១៣ ខែវិច្ឆិកា

AKP ភ្នំពេញថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងចាប់ផ្តើមផាកពិន័យជាទឹកប្រាក់ចំនួន ១០០.០០០វ៉ុន (៨៨ដុល្លារអាមេរិក) ចំពោះអ្នកដែលមិនពាក់របាំងមុខនៅទីសាធារណៈនៅក្នុងសប្តាហ៍ក្រោយ ដែលនេះជាវិធានការណ៍មួយដែលមានគោលបំណងបង្ការការរីករាលដាលនៃមេរោគកូរ៉ូណាវីរស។

ក្រុមមន្រ្តីបាននិយាយថា ការអនុវត្តការពាក់របាំងមុខជាចាំបាច់នេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែវិច្ឆិកា បន្ទាប់ពីរយៈពេលសាកល្បងមួយខែ។ ការលើកលែងនឹងត្រូវបានធ្វើឡើងចំពោះកុមារអាយុក្រោម ១៤ឆ្នាំ ជនពិការ និងអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺដែលធ្វើឱ្យពួកគេពិបាកដកដង្ហើមតាមរយៈការពាក់របាំងមុខ។

សម្រាប់ប្រជាជនទាំងអស់ផ្សេងៗទៀតក៏អាចទទួលបានការបន្ធូរបន្ថយការផាកពិន័យចំនួន ២០ភាគរយផងដែរ ប្រសិនបើពួកគេផ្តល់ហេតុផលសម្រាប់ការរំលោភបំពានដោយថ្ងៃផុតកំណត់។

រដ្ឋាភិបាលទីក្រុងនេះបាននិយាយថា ខ្លួននឹងពង្រឹងវិធាននេះឱ្យបានទំហំធំជាងតម្រូវការរបស់រដ្ឋាភិបាលកណ្តាល រួមទាំងនៅតាមហាងអ៊ីនធើណេត និងតាមរោងកុនផងដែរ។

ផ្នែកសំខាន់ទាំង ៥ នៃការអនុវត្តន៍ច្បាប់នេះនឹងត្រូវដាក់ឲ្យប្រើប្រាស់មធ្យោបាយចម្រុះជាច្រើន ដែលជាកម្មវត្ថុនៃការរឹតត្បឹតទៅលើការជួបប្រជុំ ការដឹកជញ្ជូនសាធារណៈ ការធ្វើបាតុកម្ម និងកន្លែងប្រមូលផ្តុំ កន្លែងវេជ្ជសាស្ត្រ និងមណ្ឌលថែទាំជាដើម។

មន្រ្តីរដ្ឋាភិបាលទីក្រុងនេះបាននិយាយថា «គោលបំណងនៃវិធានការនេះ គឺមិនមែនដើម្បីពិន័យប្រាក់ទេ ប៉ុន្តែដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីគោលការណ៍គម្លាតសង្គម ហើយអ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលការព្រមានមុនពេលពួកគេត្រូវបានពិន័យ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)