កម្ពុជានឹងមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផល នាឆ្នាំក្រោយនេះ

វិទ្យុជាតិកម្ពុជា ៖ សឹង សុផារី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០


MC៖ ព្រះរាជពិធីសម្រក់ទៀនព្យាករណ៍ដំណើរទឹកភ្លៀង បានបង្ហាញលទ្ធផលឱ្យដឹងថា កម្ពុជានឹងមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ នាឆ្នំាក្រោយនេះ សម្រាប់កសិករប្រកបការងារបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារ, ផ្គត់ផ្គង់សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ព្រះបរមរាជវាំងបានរៀបចំ ព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៏អំពីដំណើរទឹកភ្លៀង ដែលបានប្រារព្ធធ្វើ ឡើង កាលពីរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំថ្ងៃទី២នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ដើម្បីបង្ហាញឱ្យដឹងតាមលក្ខណៈជំនឿប្រពៃណីខ្មែរដែលមាន តាំងពីបុរាណកាលមក ពីដំណើរទឹកភ្លៀងនៅដើមឆ្នាំ កណ្តាលឆ្នាំ និងចុងឆ្នាំ ដើម្បីឱ្យប្រជាកសិករបានដឹងសម្រាប់ប្រកបរបរ ការងារកសិកម្ម។
ព្រះរាជពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀងនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវំាង ហើយបានប្រព្រឹត្តទៅតាម ព្រះរាជបវេណីដែលមានតំាងពីបុរាណកាលមក ដោយមានថ្វាយគ្រឿងសក្ការៈបូជាដល់ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ មួយម៉ឺនលោកធាតុ ដើម្បីបួងសួងសូមឱ្យមានទឹកភ្លៀងបង្អុរធ្លាក់លើប្រថពីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ។
នៅក្នុងកិច្ចដំណើរការសម្រក់ទៀនដើម្បីផ្សងចង់ដឹងអំពីដំណើរទឹកភ្លៀងនាឆ្នាំខាងមុខ មន្ត្រីធម្មការនិងសាសនា ព្រះបរមរាជវាំង បានធ្វើការទស្សន៍ទាយដោយការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ក្នុងនោះទៀនទី១តំណាងឱ្យ ទឹកភ្លៀងខេត្តកណ្តាល ,ទៀនទី២តំណាងឱ្យទឹកភ្លៀងខេត្តកំពត, ទៀនទី៣តំណាងឱ្យទឹកភ្លៀងខេត្តកំពង់ចាម, និង ទៀនបន្តបន្ទាប់ៗរហូតដល់ទៀនទី២៥ តំណាងឱ្យខេត្តផ្សេងៗទៀតនិងចុងក្រោយតំណាងឱ្យទឹកភ្លៀងខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីការសម្រក់ទៀនរួចរាល់ ព្រាហ្មណ៍ព្រះរាជគ្រូនៃព្រះបរមរាជវាំង បានទូលថ្វាយ និងជម្រាបជូនឱ្យដឹងពីលទ្ធផលថា ខេត្ត-រាជធានីចំនួន១២ ទទួលបានទឹកភ្លៀងដើមឆ្នាំនិងកណ្តាលឆ្នាំមធ្យម ចុងឆ្នាំភ្លៀងច្រើន ,ខេត្តចំនួន៧ ទទួលបានទឹកភ្លៀង ដើមឆ្នាំមធ្យម កណ្តាលឆ្នាំតិច និងចុងឆ្នាំច្រើន ,ខេត្តចំនួន២ទទួលបានទឹកភ្លៀងដើមឆ្នាំនិងកណ្តាលឆ្នាំតិច និងចុងឆ្នាំច្រើន, ខេត្តចំនួន២ទទួលបានទឹកភ្លៀងដើមឆ្នាំនិងកណ្តាលឆ្នាំមធ្យម និងចុងឆ្នាំច្រើន និងខេត្តចំនួន២ទៀត ទទួលបានទឹកភ្លៀងដើមឆ្នាំ មធ្យម កណ្តាលឆ្នាំនិងចុងឆ្នាំតិច។

លទ្ធផលបានមកពីការផ្សងប្រផ្នូលសម្រក់ភ្លើងទៀន តំណាងឱ្យខេត្ត-រាជធានីទាំង ២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជបវេណីពីបុរាណមានដូចតទៅ ៖ ១.ខេត្តកណ្ដាល ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ២.ខេត្តកំពត ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ៣.ខេត្តកំពង់ចាម ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ៤. ខេត្តកំពង់ធំ ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ៥. ខេត្តកំពង់ឆ្នាំង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានភ្លៀងធ្លាក់តិច ចុងឆ្នាំមានភ្លៀងធ្លាក់មធ្យម, ៦.ខេត្តកំពង់ស្ពឺ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ៧. ខេត្តកែប ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ៨. ខេត្តកោះកុង ដើមឆ្នាំនឹងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ៩.ខេត្តក្រចេះដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមាននិងចុងឆ្នាំមានទឹកភ្លៀងមធ្យម, ១០.ខេត្តតាកែវ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិចនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ,១១. ខេត្តបាត់ដំបង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន ,១២. ខេត្តបន្ទាយមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន, ១៣.ខេត្តប៉ៃលិន ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ១៤. ខេត្តពោធិ៍សាត់ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន ,១៥. ខេត្តព្រៃវែង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ១៦. ខេត្តព្រះវិហារ ដើមឆ្នាំមានតែភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ១៧.រាជធានីភ្នំពេញដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំទឹកភ្លៀងធ្លាក់ច្រើន, ១៨. ខេត្តមណ្ឌលគិរី ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ១៩. ខេត្តរតនៈគិរី ដើមឆ្នាំនិងកណ្ដាលឆ្នាំមានតែភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ២០. ខេត្តស្វាយរៀង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច ចុងឆ្នាំមានទឹកភ្លៀងមធ្យម ២១. ខេត្តសៀមរាប ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន ២២. ខេត្តស្ទឹងត្រែង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន ,២៣.ខេត្តព្រះសីហនុ ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន, ២៤.ខេត្តឧត្តរមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់តិច, ២៥. ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់តិច ។ តាមលទ្ធផលពីការផ្សងប្រផ្នូលតាមរយៈនៃការសម្រក់ភ្លើងទៀនដើម្បីចង់ដឹងនៅខុទកៈធារា គឺទឹកភ្លៀងសម្រាប់ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ព្រះវស្សា ដូចខ្ញុំបាទបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់បំផុត ។
សូមបញ្ជាក់ថា ព្រះរាជពិធីសម្រក់ទៀនផ្សងប្រផ្នូលពីដំណើរទឹកភ្លៀងនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើង ជារៀងរាល់ឆ្នាំ នៅរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកត្តិក នាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិដ៏ទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ ហើយប្រជាកសិករខ្មែរមានជំនឿយ៉ាងមុតមំា ចំពោះព្រះរាជពិធីផ្សង ប្រផ្នូលនេះ ព្រោះពាក់ព័ន្ធទៅនឹងមុខរបរការងារកសិកម្មរបស់ពួកគាត់៕​