តួលេខអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៥.៨លានករណី ពោលគឺត្រឹមតែ ២៤ម៉ោងមានករណីឆ្លងថ្មីជាង៥០ ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤៥,៨៧២,១៣៥ករណី ហើយក្នុងនោះមនុស្សសរុប ១,១៩៣,០២៩នាក់ស្លាប់ និងជាង៣៣.២លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី៣០ មកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥៥៤,១៤៣ករណី និងស្លាប់ជាង៧ពាន់នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៥លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៩.៣លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីជាង ៩ពាន់ករណី និងស្លាប់ជិត ១ពាន់នាក់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន